(តូក្យូ)៖ ភ្នំ Kusatsu-Shirane ស្ថិតក្នុងខេត្ត Gunma ភាគពាយ័ព្យទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដែលបានផ្ទុះឡើងនាព្រឹកថ្ងៃអង្គារនេះ បានបង្កជាគ្រោះរអិលបាក់ផ្ទាំងព្រិល ព្រមទាំងកម្អែលភ្លើង និងថ្មខ្ទាតឡើងលើអាកាសហើយធ្លាក់មកវិញ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងប្រមាណជាង ១០នាក់ ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
មនុស្សស្លាប់ម្នាក់នោះ គឺជាអ្នកជិះស្គីទឹកកកជនជាតិជប៉ុន នៅក្បែរតំបន់ភ្នំភ្លើង ដែលមានវ័យ ៤៩ឆ្នាំ។ បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ មនុស្សជាង ១០នាក់ ទៀតបានរងរបួស ដោយសារតែហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ខណៈ០៤នាក់ ក្នុងចំណោមនោះបានរងគ្រោះ ពីព្រោះតែការរអិលបាក់ផ្ទាំងព្រិល នៅឯរមណីយដ្ឋានជិះស្គីអន្តរជាតិ Kusatsu ក្នុងក្រុង Kusatsu ដែលនៅក្បែរគ្នា។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA ដុំផ្សែងខ្មៅ ត្រូវបានគេឃើញហោះអណ្តែតឡើង ចេញពីភាគខាងត្បូងនៃភ្នំភ្លើងនោះ ហើយកម្ទេចដុំថ្ម ក៏ត្រូវបានគេប្រទះឃើញ ប្រេះធ្លាក់ពីមាត់ភ្នំផងដែរ។ ជុំវិញហេតុការណ៍នេះ JMA បានចេញកម្រិតប្រកាសអាសន្ននៅលេខ ៣ ក្នុងចំណោមកម្រិតទាំងអស់ ៥ ដោយណែនាំកុំឲ្យមនុស្សម្នាសំដៅមកក្បែរភ្នំភ្លើងនេះឲ្យសោះ។
គួរជម្រាបថា ភ្នំភ្លើង Kusatsu-Shirane គឺជាភ្នំភ្លើងសកម្មមួយមានកម្ពស់ ២,១៦០ម៉ែត្រ ស្ថិតនៅតាមតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក៕