(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងតែប្រុងជើងការ និងតាមឃ្លាំមើលមិនដាក់ភ្នែកនោះឡើយ ចំពោះស្ថានការណ៍បច្ចុប្បន្ន នៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់តួកគី ដែលទីក្រុងអង់ការ៉ាបានប្រកាសក្បែងៗថា គឺមិនអាចបកក្រោយបានឡើយ ប្រឆាំងទៅនឹងក្រុមប្រដាប់អាវុធឃើដ YGP ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ (Pentagon) ការបញ្ជាក់ខាងលើ ត្រូវបានធ្វើឡើងដោយប្រមុខការពារជាតិអាមេរិក លោក James Mattis ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្របពេលរូបលោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទ្វីបអាស៊ី ដើម្បីបំពេញទស្សនកិច្ចនៅវៀតណាម និងឥណ្ឌូណេស៊ី។
គួរជម្រាបថា តួកគីបានបើកប្រតិបត្តិការខាងលើ ដែលមានឈ្មោះថា Operation Olive Branch ដោយមានការវាយលុកតាមផ្លូវអាកាស និងការផ្លោងគ្រាប់យ៉ាងចាស់ដៃជាទីបំផុត ដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធឃើដ YPG ចេញពីតំបន់ Afrin របស់ស៊ីរី ដែលទីក្រុងអង់ការ៉ាចាត់ទុកថា គឺជាក្រុមភេរវករ មានទំនាក់ទំនងនឹងគណបក្សពលករឃើដ PKK នៅតួកគី។
ប្រតិបត្តិការដ៏ក្តៅគគុករបស់ទីក្រុងអង់ការ៉ា ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ ពីសំណាក់មន្រ្តីយោធាអាមេរិក ស្តីពីគម្រោងបង្កើតកងកម្លាំងការពារព្រំដែន BSF ចេញពីក្រុមឃើដ នៅតាមព្រំដែនប្រវែង ៩០០គីឡូម៉ែត្រ ភាគខាងជើងរបស់ស៊ីរី ជាប់នឹងតួកគី ដែលវាគឺជាទង្វើមួយ បានបង្កឲ្យតួកគីខឹងសម្បារជាខ្លាំង។
កងកម្លាំង BSF នឹងត្រូវរួមផ្សំឡើងជាចម្បងដោយក្រុមប្រដាប់អាវុធឃើដ YPG ដែលទទួលបានការគាំទ្រទាំងផ្នែកនយោបាយ និងយោធា ដោយសហរដ្ឋអាមេរិក ចាប់តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS។ ដោយឡែក ជុំវិញប្រតិបត្តិការយោធា ឆ្លងចូលទឹកដីនៃតំបន់ភាគខាងជើង របស់ស៊ីរីវិញនោះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសជាចំហច្បាស់ៗថា លោកនឹងមិនបញ្ឈប់យុទ្ធនាការបោសសម្អាតក្រុម YPG នៅតំបន់ Afrin របស់ស៊ិរីជាដាច់ខាត ខណៈរូបលោកក៏ធ្លាប់បានបញ្ជាក់ផងដែរថា នឹងកម្ទេចកងកម្លាំងព្រំដែន BSF នោះមុនពេលវាអាចចាប់កំណើតឡើងទៅទៀត៕