(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុងធ្វើការចរចាជុំវិញការប្រគល់ ក៏ដូចជាអំពាវនាវលក់ប្រព័ន្ធខែលការពារដែនអាកាសប្រភេទ S-400 របស់ខ្លួនជាមួយបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ដែលមានចំណាប់អារម្មណ៍ លើការទិញយកប្រព័ន្ធសព្វាវុធនេះ។ នេះបើតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Sergei Shoigu បានថ្លែងថា «ប្រទេសមួយចំនួន ជាពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ាក្បែរៗអាស៊ី និងអាស៊ីអាគ្នេយ៍ បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ មកលើប្រព័ន្ធមីស៊ីល S-400។ នាខណៈពេលនេះ ដំណើរការពិភាក្សាចរចាគ្នាជុំវិញរឿងនេះ កំពុងតែប្រព្រឹត្តទៅ»។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ផងដែរថា ទីក្រុងម៉ូស្គូស្វាគមន៍ជានិច្ច ដើម្បីចែករំលែកបទពិសោធន៍ជាមួយដៃគូ ជុំវិញការប្រើប្រាស់គ្រឿងសព្វាវុធរបស់ខ្លួន។
គួរជម្រាបថា S-400 គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលមានរយៈចម្ងាយវែង និងទំនើបជាងគេបង្អស់ របស់ប្រទេសរុស្ស៊ី ហើយវាអាចផ្ទុកមីស៊ីលបាន ០៣ប្រភេទខុសៗគ្នា ដែលមានសមត្ថភាពកម្ទេចគោលដៅ រួមមានដូចជាមីស៊ីលផ្លោង និងមីស៊ីលប្រដេញខ្នាតធំ។ ដោយឡែក អតិថិជនចុងក្រោយបំផុតនៃប្រព័ន្ធនេះ គឺប្រទេសតួកគី ដោយនៅក្នុងកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ រុស្ស៊ីនឹងចាប់ផ្តើមប្រគល់ S-400 ឲ្យដល់ដៃតួកគី នៅខែមីនា ឆ្នាំ២០២០ ដោយក្នុងមួយឈុត-គ្រឿងតម្លៃជាង ៤០០លានដុល្លារអាមេរិក៕