(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានប្រកាសថា បានសម្រេចចិត្តជ្រើសរើសយកថ្ងៃទី០៨ ខែកុម្ភៈ គឺជាថ្ងៃថ្មីនៃការប្រារព្ធខួបបង្កើតកងទ័ពកូរ៉េខាងជើង ហើយថាខ្លួននឹងរៀបចំជាជំហានៗជាក់ស្ដែង ដើម្បីធ្វើដំណើរការទៅមុខ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលនឹងត្រូវកើតឡើងមួយថ្ងៃប៉ុណ្ណោះមុននឹងការចាប់ផ្ដើម ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែកុម្ភៈ។ នេះបើតាម KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
ស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានប្រកាសពីការផ្លាស់ប្ដូរកាលបរិច្ឆេទ នៃខួបបង្កើតកងទ័ពកូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន។ KCNA បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី០៨ ខែកុម្ភៈ នឹងក្លាយជាថ្ងៃនៃការប្រារព្ធខួបបង្កើតកងទ័ពប្រជាមានិតកូរ៉េខាងជើង... ដូច្នេះស្ថាប័នពាក់ព័ន្ធទាំងឡាយ នឹងរៀបចំជាជំហានៗជាក់ស្ដែង ដើម្បីប្រារព្ធទិវា ជាប្រវត្តិសាស្ត្រនេះ ហើយថ្ងៃទី២៥ ខែមេសា នឹងក្លាយជាថ្ងៃប្រារព្ធខួប នៃការបង្កើតកងទ័ពបដិវត្តន៍ប្រជាមានិតកូរ៉េខាងជើង ដោយលោក គីម អ៊ីលស៊ុង»។
គួរបញ្ជាក់ថា កាលពីដំបូងឡើយ ការប្រារព្ធខួបបង្កើតកងទ័ពកូរ៉េខាងជើង ត្រូវធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥ ខែមេសា ហើយជាទម្លាប់ទីក្រុងព្យុងយ៉ាង តែងតែរៀបចំការធ្វើព្យុហយាត្រាយោធា ឬក៏ធ្វើតេស្ដមីស៊ីលជាដើម។ ដោយឡែកប៉ុន្មានថ្ងៃមុននេះ មន្ត្រីកូរ៉េខាងត្បូងម្នាក់ក៏បានឱ្យដឹងដែរថា កងទ័ព ១៣,០០០នាក់ និងគ្រឿងបរិក្ខាយោធាជាង ២០០គ្រឿង ត្រូវចាប់បានសញ្ញានៅក្បែរអាកាសយានដ្ឋានមួយ ក្នុងទីក្រុងព្យុងយ៉ាង៕