(ឈីលី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសម្ដែងការសាទរចំពោះសមិទ្ធិផល ដែលសម្រេចបាននៅក្នុងកិច្ចសហប្រតិបតិ្តការរវាងចិន និងបណ្ដាប្រទេសអាមេឡាទីន រួម ទាំងប្រទេសក្នុងតំបន់ការីបៀន (China-LAC) អស់រយៈពេលជាងបីឆ្នាំមកនេះ។ ព្រមពេលជាមួយគ្នាលោកក៏បានអំពាវនាវផងដែរ ឱ្យបណ្ដាប្រទេសពាក់ព័ន្ធរក្សាសន្ទុះរីកចំរើនបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក វ៉ាង ធ្វើឡើងនាឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ២ នៅឯវេទិកាចិន និងសហគមន៍អាមេរិកឡាទីន និងរដ្ឋក្នុងតំបន់ការ៉ាបៀន ឬ (CELAC Forum) រៀបចំឡើងនៅទីក្រុង Santiago ក្នុងប្រទេសឈីលីកាលពីថ្ងៃចន្ទ។ ថ្លែងនាឱកាសនោះដែរ នៅក្នុងពេលអានសំបុត្រអបអរសាទរពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង លោក វ៉ាង បានកត់សម្គាល់ថា សំបុត្ររបស់លោក ស៊ី បានបង្ហាញភាពស្មោះត្រង់របស់ចិន ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយប្រទេស នៅក្នុងតំបន់ដើម្បីសម្រេចឱ្យ បាននូវផលប្រយោជន៍រួម។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានបន្ថែមទៀថា សមិទ្ធិផលដែលសម្រេចបាន ដោយសារតែគោលការណ៍គោរពគ្នាទៅវិញទៅមក និងការប្ដេជ្ញាចិត្ត ប្រកបដោយសមភាពក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នា។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ០៣ឆ្នាំមកនេះ គឺគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងថាមពល ខណៈចិនកំពុងបញ្ចប់ ការរៀបចំកញ្ចប់ហិរញ្ញវត្ថុសម្រាប់ដៃគូរបស់ខ្លួន៕
]