ក្តៅគគុក! ផ្ទុះភ្នំភ្លើងនៅខេត្ត Gunma របស់ជប៉ុន «បង្ករបួសមនុស្ស ១៥នាក់»
23-01-2018 12:14
(តូក្យូ)៖ ភ្នំ Kusatsu-Shirane ដែលស្ថិតក្នុងខេត្ត Gunma ភាគពាយ័ព្យទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានផ្ទុះឡើងនាព្រឹកថ្ងៃអង្គារនេះ ហើយក៏បង្កជាគ្រោះរអិលបាក់ផ្ទាំងព្រិល និងមនុស្សប្រមាណ ១៥នាក់ ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ មនុស្សចំនួន ១៥នាក់ បានរងរបួស ដោយសារតែហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ខណៈ០៤នាក់ ក្នុងចំណោមនោះបានរងគ្រោះ ពីព្រោះតែការរអិលបាក់ផ្ទាំងព្រិល នៅឯរមណីយដ្ឋានជិះស្គីអន្តរជាតិ Kusatsu ក្នុងក្រុង Kusatsu ដែលនៅក្បែរគ្នា។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA ដុំផ្សែងខ្មៅ ត្រូវបានគេឃើញហោះអណ្តែតឡើង ចេញពីភាគខាងត្បូងនៃភ្នំភ្លើងនោះ ហើយកម្ទេចដុំថ្ម ក៏ត្រូវបានគេប្រទះឃើញ ប្រេះធ្លាក់ពីមាត់ភ្នំផងដែរ។ ជុំវិញហេតុការណ៍នេះ JMA បានចេញកម្រិតប្រកាសអាសន្ននៅលេខ ៣ ក្នុងចំណោមកម្រិតទាំងអស់ ៥ ដោយណែនាំកុំឲ្យមនុស្សម្នាសំដៅមកក្បែរភ្នំភ្លើងនេះឲ្យសោះ។
គួរជម្រាបថា ភ្នំភ្លើង Kusatsu-Shirane គឺជាភ្នំភ្លើងសកម្មមួយមានកម្ពស់ ២,១៦០ម៉ែត្រ ស្ថិតនៅតាមតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក៕