(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាតទីស (James Mattis) បាននិយាយថា លោកសង្ឃឹមយ៉ាងមុតមាំថា អាមេរិកអាចនឹងពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយឥណ្ឌូណេស៊ី និងវៀតណាម នៅអំឡុងដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ នៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ ក្នុងដំណើរឆ្ពោះមកកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ លោក James Mattis បានលើកឡើង យ៉ាងដូច្នេះថា «យើងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងកិច្ចសហប្រតិបត្តិការសមុទ្រ ប៉ុន្តែយើងក៏បាននិងកំពុងគាំទ្រឥណ្ឌូណេស៊ីផងដែរ ក្នុងនាមជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ នៅចន្លោះមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក»។
ដោយឡែក នៅពេលអ្នកសារព័ត៌មានសួរថា តើលោកសង្ឃឹមថា នឹងអាចសម្រេចបានអ្វីខ្លះនៅវៀតណាម? រដ្ឋមន្ត្រីការពារ ជាតិអាមេរិករូបនេះបានឆ្លើយថា លោកនឹងអង្គុយចុះ ហើយជជែកគ្នាជាមួយក្រុមមន្ត្រីវៀតណាម ព្រមទាំងស្វែងរកវិធានការជាក់ស្ដែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងយោធា ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែល លោក James Mattis បំពេញទស្សនកិច្ចមកកាន់ឥណ្ឌូណេស៊ី និងវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិអាមេរិក ហើយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Ryamizard Ryacudu ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ មុននឹងចាកចេញទៅកាន់ទីក្រុងហាណូយ៕