(ហួស្តុន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ភ្លើងឆេះព្រៃមួយបានចាប់ផ្ដើមឆេះរាលដាល នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅក្នុងតំបន់ជាច្រើន នៃភាគខាងជើងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលទើបតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយព្យុះហឺរីខិន Harvey។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ភ្លើងឆេះព្រៃនេះបានកើតឡើងនៅក្បែរផ្លូវហៃវ៉េ Interstate 20 និងផ្លូវ Walsh Ranch នៅក្នុងទីក្រុង Aledo ដែលស្ថិតនៅចំងាយ ៤៥០គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុងហួស្តុន នៃរដ្ឋតិចសាស់។ ភ្លើងឆេះព្រៃនេះបានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនជាច្រើននាក់ ទៅកាន់ទីទួលមានសុវត្ថិភាព រីឯសាលារៀន និងផ្លូវហៃវ៉េមួយចំនួនត្រូវបានបិទទា្វរ និងចរាចរណ៍ជាបណ្ដោះអាសន្ន ខណៈព្រៃឈើលើផ្ទៃដី ៤០៤ហិកតា ត្រូវបានបំផ្លាញ ប៉ុន្តែ ៤០ភាគរយ ស្ថិតនៅក្រោមការគ្រប់គ្រងកាលពីល្ងាចថ្ងៃចន្ទ។
គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា រដ្ឋតិចសាស់ បានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជារឿយៗ ក្នុងនោះមានទាំងខ្យល់ព្យុះ រអិលបាក់ដី ទឹកជំនន់ និងភ្លើងឆេះព្រៃនេះជាដើម។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ព្យុះហ៊ឺរីខិន Harvey បានបង្កជាគ្រោះរអិលបាក់ដី គ្រោះទឹកជំនន់ ព្រមទាំងផ្ដាច់យកអាយុ ជីវិតមនុស្ស ៨៨នាក់ និងបង្កជាការខូចខាតដ៏ធំបំផុតមិនធ្លាប់មានជាង ៥០ឆ្នាំ មកនេះ នៅក្នុងទីក្រុងហូស្ដុន រដ្ឋតិចសាស់។
បន្ថែមពីខាងលើនេះ បណ្តាតំបន់មួយចំនួនទៀតរបស់អាមេរិក ក៏បានទទួលរងនូវគ្រោះរាំងស្ងួត ដូចជាទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគខាងលិច បានបំបែកកំណត់ត្រាអត់មានភ្លៀងធ្លាក់សោះជាង ១០០ថ្ងៃ ខណៈរដ្ឋកាលីហ្វ័រញ៉ា ភាគនិរតី បានទទួលរងភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានពីមុខមក ជាច្រើនករណីថែមទៀត៕