(ហាណូយ)៖ នាម្សិលមិញនេះតុលាការទីក្រុងហាណូយ នៅទីបំផុតបានប្រកាសសាលក្រម នៃរឿងក្តីពាក់ព័ន្ធនឹងទង្វើខុសច្បាប់ ដែលបានកើតមានឡើងនៅឯក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam ដែលជាការបិទបញ្ចប់ នៃសំណុំរឿងដ៏ធំរយៈពេល ០២សប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Vietnam News នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
ចុងចោទសរុបចំនួន ២២នាក់ ត្រូវបានតុលាការផ្តន្ទាទោស ជុំវិញការមានជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ PetroVietnam Construction JSC (PVC) ឲ្យកាន់គម្រោងរោងចក្រថាមពលកម្តៅតម្លៃ ១.៧ពាន់លានដុល្លារ Thai Binh នៅក្រោមការបង្គាប់ពីក្រុមហ៊ុនមេរបស់ PVC គឺក្រុមហ៊ុនប្រេង និងឧស្ម័ន National Oil and Gas Group PetroVietnam (PVN) ដែលជាការបំពានច្បាប់ ហើយទោះបីជាក្រុមហ៊ុន PVC បានបង្ហាញការខ្វះខាតសមត្ថភាពយ៉ាងណាក្តី។
ម៉្យាងវិញទៀត ការទូទាត់ថវិកាជាមុនប្រមាណ ១.៣ពាន់ពាន់លានដុង (ស្មើនឹង ០៦លានដុល្លារ) ដែលត្រូវបានផ្តល់ពីសំណាក់ PVN ទៅកាន់ PVC ក៏ត្រូវគេរកឃើញថា បានយកទៅប្រើប្រាស់ក្នុងផ្លូវខុសផងដែរ ដែលលទ្ធផលបានធ្វើឲ្យខាតបង់ថវិការដ្ឋចំនួន ១២០ពាន់លានដុង (ស្មើនឹង ៥.៣លានដុល្លារ)។
តុលាការទីក្រុងហាណូយ បានចាត់ទុកសំណុំរឿងខាងលើ ជារឿងក្តីដ៏ធ្ងន់ធ្ងរបំផុតមួយ នៃការបំពានច្បាប់សេដ្ឋកិច្ច និងការប្រព្រឹត្តអំពើពុករលួយ ខណៈចុងចោទសុទ្ធតែកាន់តំណែងធំៗ នៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលត្រូវបានប្រគល់តួនាទីដោយរដ្ឋាភិបាល ដើម្បីឲ្យអនុវត្តន៍គម្រោងយុទ្ធសាស្រ្តសំខាន់ៗ តែបែរជាប្រើសិទ្ធិអំណាចរបស់ពួកគេក្នុងផ្លូវខុស ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ ដោយចេតនាទៅវិញ។
ការសម្រេចវិនិច្ឆ័យទោសចុងក្រោយនាថ្ងៃម្សិលមិញនេះ ទៅលើបណ្តាចុងចោទ ភាគច្រើនគឺមិនមានភាពធូរស្រាលប៉ុន្មាននោះឡើយ បើធៀបទៅនឹងការដាក់ពិន័យ ដែលរដ្ឋអាជ្ញាទីក្រុងហាណូយ បានព្យាយាមស្នើសុំ ដោយទោសធ្ងន់ធ្ងរជាងគេបំផុត នោះគឺត្រូវជាប់ពន្ធនាគារអស់មួយជីវិត និងទោសស្រាលជាងគេ គឺការព្យួរទោស។
លោក Dinh La Thang អតីតប្រធានក្រុមប្រឹក្សាក្រុមហ៊ុន PVN និងជាអតីតសមាជិកនៃការិយាល័យនយោបាយ ដែលត្រូវបានបណ្តេញចេញពីបក្សកុម្មុយនិស្តវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៧នោះ ត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ពីបទមានចេតនាបំពានលើច្បាប់រដ្ឋស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច ការបង្កការខាតបង់ធ្ងន់ធ្ងរ នៅក្រោមក្រមព្រហ្មទណ្ឌនៃប្រទេសវៀតណាម។ ម៉្យាងវិញទៀត ក្រោយជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ លោក Thang ក៏នឹងត្រូវហាមឃាត់មិនឲ្យកាន់តែតួនាទីធំនៅផ្នែកគ្រប់គ្រង ឬមួយក៏ផ្នែកហិរញ្ញវត្ថុថែមទៀតផង សម្រាប់រយៈពេលពី ០៤ឆ្នាំ ទៅ ០៥ឆ្នាំ។
លើសពីនេះមនុស្ស ១៣នាក់ទៀត ក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយសារការបំពាន់ច្បាប់សេដ្ឋកិច្ចផងដែរ ដោយក្នុងនោះរួមមាន លោក Phung Dinh Thuc អតីតអគ្គនាយក PVN និងអគ្គនាយករងពីររូបរបស់លោក គឺលោក Nguyen Quoc Khanh និងលោក Nguyen Xuan Son។
ជនជាប់ចោទចំនួន ១០នាក់ ផ្សេងទៀត ត្រូវបានគេរកឃើញថា មានទោសពីបទកិបកេងបន្លំ ដោយរួមមានទាំងអតីតអគ្គនាយករង នៃក្រុមហ៊ុន PVC គឺលោក Nguyen Anh Minh ដែលត្រូវជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ។ នៅក្នុងចំណោម ១០នាក់នោះ ជនជាប់ចោទ០៣នាក់ ដែលទទួលការព្យួរទោស ត្រូវបានដោះលែងវិញភ្លាមៗ។
នាយកគ្រប់គ្រងជាន់ខ្ពស់ចំនួន ០២រូប នៃក្រុមហ៊ុន PVC រួមមានលោក Trinh Xuan Thanh ដែលជាអតីតប្រធានក្រុមប្រឹក្សា ត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត និងលោក Vu Duc Thuan ដែលជាអតីតអគ្គនាយកត្រូវជាប់ពន្ធនាគារ ២២ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានគេរកឃើញថា មានទោសពីបទល្មើសទាំងពីរករណី គឺការបំពានច្បាប់សេដ្ឋកិច្ច និងការកិបកេងថវិកាកម្រិតធ្ងន់។
បើតាមតុលាការ បទល្មើសរបស់លោក Thanh គឺសាកសមនឹងទទួលទោសប្រហារជីវិត ដោយយោងទៅលើក្រមព្រហ្មទណ្ឌ ប៉ុន្តែគ្រួសាររបស់លោក បានប្រគល់ថវិកាប្រមាណ ០៤ពាន់លានដុង ដោយសុទ្ធចិត្ត ត្រឡប់ទៅកាន់អាជ្ញាធរវិញ ហើយដោយសារតែការទទួលខុសត្រូវ ដោយស្មោះត្រង់របស់លោក Thanh ចំពោះបទល្មើសរបស់លោក ទម្ងន់ទោសរបស់ លោក Thanh ក៏ត្រូវបានសម្រាល។
គួរជម្រាបថា ក្រុមហ៊ុនប្រេងរដ្ឋ PetroVietnam ដែលជាដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងរឿងក្តីដ៏កក្រើកនេះ បានទាមទារឲ្យតុលាការក្រុងហាណូយ បង្ខំឲ្យជនជាប់ចោទទាំងពីរនាក់ខាងលើ សងប្រាក់ចំនួន ១២០ពាន់លានដុង (៥.៣លានដុល្លារ) ពោលគឺស្មើនឹងចំនួនថវិកា ដែលពួកបានធ្វើឲ្យខាតបង់ មកក្នុងថវិការដ្ឋវិញ។ ក្រោយមក លោក Thang និង លោក Thanh ក៏ត្រូវបានបង្គាប់ឲ្យបង់ប្រាក់សរុប ៦០ពាន់លានដុង (២.៦លានដុល្លារ) ដោយម្នាក់ៗត្រូវទទួលខុសត្រូវសម្រាប់ ៣០ពាន់លានដុង (១.៣លានដុល្លារ) ពីព្រោះពួកគេទាំងពីរមានទំនួលខុសត្រូវស្មើគ្នា៕