(ហាណូយ)៖ អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម (CVP) លោក ង្វៀន ភូទ្រុង (Nguyễn Phú Trọng) បាននិយាយថា អ្នកដែលមានភារៈកិច្ចកសាងបក្សត្រូវតែក្លាហាន ប្រឆាំងជាដាច់ ខាតនឹងអំពើពុករលួយ ហើយការពារយុត្តិធម៌ ក៏ដូចជាប្ដេជ្ញាចិត្តប្រឆាំងនឹងក្រុមមនុស្សគិតតែប្រយោជន៍ខ្លួនឯង បក្ខពួកនិយម និងត្រូវជៀសវាងឱ្យឆ្ងាយពីឥទ្ធិពលនៃទំនាក់ទំនងបុគ្គល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Viet Nam News ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
លោក Nguyễn Phú Trọng ថ្លែងបែបនេះ នៅក្នុងសុន្ទរកថាមួយ នាទីក្រុងហាណូយ កាលពីថ្ងៃចន្ទ។ បន្ថែមពីលើនេះ នាឱកាសនោះដែរលោកក៏បានកត់សម្គាល់ពីសារៈសំខាន់ នៃការកសាងបក្សឱ្យមានភាពរឹងមំា ព្រមទាំងបោសសំអាតអំពើពុករលួយ។ ប៉ុន្តែទន្ទឹមគ្នា អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម រូបនេះបានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះការបំពេញការងារខ្វះការត្រួតពិនិត្យ និងតុល្យភាពអំណាច ឬក៏ការចាត់វិធានទប់ស្កាត់អំពើបក្ខពួកនិយម។ មិនតែប៉ុណ្ណោះ លោកថា ការជ្រើសរើសសាច់ញាតិឱ្យចូលបម្រើ ការងារក្នុងជួរបក្ស ឬក៏ស្ថាប័នរដ្ឋគួរតែផ្ដោតសំខាន់លើគុណសម្បត្តិ និងសមត្ថភាពរបស់បុគ្គល។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Nguyễn Phú Trọng ធ្វើឡើងនៅក្នុងថ្ងៃតែមួយដែលតុលាការវៀតណាម ចេញសាលក្រមកាត់ទោសជនជាប់ចោទ ២២នាក់ នៅក្នុងសំណុំ រឿងពុករលួយក្នុងក្រុមហ៊ុនប្រេងរដ្ឋ PetroVietnam។ ចំណែកឯ ក្នុងចំណោមជនជាប់ទាំងអស់ គេឃើញមានឈ្មោះអតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម លោក ឌីញ ឡាថាំង (Dinh La Thang) ដែលត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ខណៈអ្នករួមគំនិតម្នាក់ទៀតគឺ លោក ទ្រីញ ហ្ស័នថាញ់ (Trinh Xuan Thanh) ជាអតីតប្រធាន និងអគ្គនាយកក្រុមហ៊ុន PetroVietnam Construction Joint Stock Corporation (PVC) ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕