(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកញ្ចប់ថវិការយៈពេលខ្លីមួយ ដោយនឹងជួយឧបត្ថម្ភរដ្ឋាភិបាលគេចចេញពីភាពជាប់គាំង បន្តរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ខាងមុខនេះ ហើយក៏ត្រូវបានសភាសម្រេចអនុម័តផងដែរ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ Business Insider នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
សម្រាប់កញ្ចប់ថវិកាបន្ទាន់នេះ គឺងាយនឹងសម្រេចចេញ ដោយសារតែសមាជិកសភាភាគច្រើនមកពីគណបក្សទាំងពីរ បានបោះឆ្នោតគាំទ្រក្នុងសំឡេងរួម ៨១សំឡេង ទល់នឹង ១៨សំឡេង ដោយក្នុងនោះសមាជិកជំទាស់មាន ០២រូប (Rand Paul និង Mike Lee) មកពីគណបក្សសាធារណរដ្ឋ និង ១៦រូប ទៀតមកពីបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ការអនុម័តនូវថវិកាបណ្តោះអាសន្នខាងលើនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បន្តកិច្ចការងាររបស់ខ្លួនរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ គឺរយៈ ០៨ថ្ងៃមុនពេលកំណត់ នៃការអនុម័តកញ្ចប់ថវិកា ដែលត្រូវបានព្រឹទ្ធសភាបដិសេធកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។
គួររំលឹកថា គិតចាប់តាំងពីឆ្នាំ១៩៩០មក ការជាប់គាំងចំនួន ០៤លើក ហើយ បានកើតមានចំពោះរដ្ឋាភិបាលអាមេរិក ដោយលើកចុងក្រោយបំផុត គឺនៅឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់ លោក បារ៉ាក់ អូបាម៉ា ចាប់ពីថ្ងៃទី០១ ដល់ទី១៧ ខែកក្កដា ហើយក្នុងអំឡុងពេលនោះ បុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន៕