(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ បានប្រកាសថា ប្រទេសរបស់លោកនឹងគ្មានថ្ងៃបកក្រោយវិញឡើយ ចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG នៅក្នុងតំបន់ Afrin ទឹកដីប្រទេសស៊ីរីនោះ ទោះបីជាមហាអំណាចនានាបានអំពាវនាវឲ្យឈប់ និងរដ្ឋាភិបាលស៊ីរីព្រមានវាយបកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។
លោក អឺដូហ្គាន់ បានប្រកាសនៅក្នុងពិធីថ្នាក់ជាតិមួយ នារដ្ឋធានីអង់ការ៉ា នៅថ្ងៃចន្ទសប្តាហ៍នេះថា «គ្មានការបកត្រឡប់ក្រោយឡើយពីតំបន់ Afrin»។ ប្រធានាធិបតីរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសតួកគីបាននិយាយជាមួយរុស្ស៊ី និងអាមេរិក មុនខ្លួនធ្វើប្រតិបត្តិការនេះទៅហើយ ប៉ុន្តែយើងមិនអាចបញ្ចុះបញ្ចូលអាមេរិកឲ្យគាំទ្រឡើយ។
គួរបញ្ជាក់ថា កងកម្លាំងតួកគី បានវាយដណ្ដើមយកភូមិមួយចំនួន នៅក្នុងតំបន់ភាគពាយ័ព្យប្រទេសស៊ីរី ក្នុងថ្ងៃទីបីនៃការបើកប្រតិបត្តិការយោធា វាយលុកបណ្ដេញក្រុមឧទ្ទាមឃើដ YPG ចេញពីព្រំដែនតួកគី។ កងកម្លាំងតួកគី អមដោយក្រុមក្រុមឧទ្ទាមស៊ីរីជាសម្ព័ន្ធមិត្ត បានវាយដណ្ដើមយកភូមិជាច្រើនក្នុងតំបន់ Afrin នៅថ្ងៃចន្ទសប្តាហ៍នេះ។
ទោះបីជាបែបនេះក្តី ពួកឧទ្ទាមឃើដ YPG បានអះអាងថា ខ្លួនដណ្ដើមបានភូមិចំនួនពីរត្រឡប់មកវិញ។ ប្រតិបត្តិការយោធានេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមានជាសាធារណៈថា នឹងបោសសំអាតក្រុមឧទ្ទាមឃើដ YPG ក្រោយមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់ នៅតាមបណ្ដោយព្រំដែនតួកគី-ស៊ីរី។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបដិសេធហើយជំរុញឱ្យតួកគីអត់ធ្មត់ ដើម្បីបញ្ជៀសការបាត់បង់អាយុជីវិតជនស៊ីវិល។ សម្រាប់រដ្ឋាភិបាលតួកគី ក្រុមឧទ្ទាមឃើដ YPG គឺជាសម្ព័ន្ធមិត្តរបស់គណបក្សពលករឃើដ PKK ដែលកំពុងតស៊ូប្រយុទ្ធដើម្បីបង្កើតតំបន់ស្វយ័តមួយ នៅភាគអាគ្នេយ៍ប្រទេសតួកគី អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ដោយឡែក បើតាម Anadolu កងកម្លាំងតួកគី បានវាយយកភូមិដូចជា Shankal, Qorne, Bali និង Adah Manli៕