(អង់ការ៉ា)៖ កងកម្លាំងតួកគី បានវាយដណ្ដើមយកភូមិមួយចំនួន នៅក្នុងតំបន់ភាគពាយ័ព្យប្រទេសស៊ីរី ក្នុងថ្ងៃទីបីនៃការបើកប្រតិបត្តិការយោធាវាយលុកបណ្ដេញក្រុមឧទ្ទាមឃើដ YPG ចេញពីព្រំដែនតួកគី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu កងកម្លាំងតួកគី អមដោយក្រុមក្រុមឧទ្ទាមស៊ីរីជាសម្ព័ន្ធមិត្ត បានវាយដណ្ដើមយកភូមិជាច្រើនក្នុងតំបន់ Afrin នៅថ្ងៃចន្ទនេះ។ ប៉ុន្តែពួកឧទ្ទាមឃើដ YPG បានអះអាងថាខ្លួនដណ្ដើមបានភូមិចំនួនពីរត្រឡប់មកវិញ។ ប្រតិបត្តិការយោធានេះកើតមានឡើងបន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមានជាសាធារណៈថានឹងបោសសំអាតក្រុមឧទ្ទាមឃើដ YPG ក្រោយមានសេចក្ដីរាយការណ៍ជាច្រើនថាទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់ នៅតាមបណ្ដោយព្រំដែនតួកគី-ស៊ីរី។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបដិសេធហើយជំរុញឱ្យតួកគីអត់ធ្មត់ ដើម្បីបញ្ជៀសការបាត់បង់អាយុជីវិតជនស៊ីវិល។
គួរបញ្ជាក់ថា សម្រាប់រដ្ឋាភិបាលតួកគី ក្រុមឧទ្ទាមឃើដ YPG គឺជាសម្ព័ន្ធមិត្តរបស់គណបក្សពលករឃើដ PKK ដែលកំពុងតស៊ូប្រយុទ្ធដើម្បីបង្កើតតំបន់ស្វយ័តមួយ នៅភាគអាគ្នេយ៍ប្រទេសតួកគីអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ដោយឡែក បើតាម Anadolu កងកម្លាំងតួកគី បានវាយយកភូមិដូចជា Shankal, Qorne, Bali និង Adah Manli៕