(ហេ្សរុយសាឡឹម)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថាលោកមានកិត្តិយសជាទីបំផុតដែលបានជាន់ដីរដ្ឋធានីអ៊ីស្រាអែលហ្សេរុយសាឡឹម ហើយលោក ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួននៅចុងឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក Mike Pence ធ្វើឡើងនាឱកាសបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីនាយករដ្ឋមន្ត្រី លោក Benyamin Netanyahou។ បន្ថែមពីលើនេះ គ្រាន់តែបានចាប់ដៃលោក Netanyahou លោកអនុប្រធានាធិបតីអាមេរិក បានហាមាត់ភ្លាមៗថាលោកពិតមានកិត្តិយសណាស់បាន ស្ថិតនៅរដ្ឋធានីអ៊ីសា្រអែលហ្សេរុយសាឡឹម រីឯលោក Netanyahou ក៏បានតបវិញភ្លាមៗដែរថានេះគឺជាលើកទីមួយហើយដែលលោកស្ថិតនៅទីនេះក្នុងស្ថានភាពដែលមេដឹកនាំ ពីររូបអាចនិយាយពាក្យបីម៉ាត់នោះគឺ ហេរុយសាឡឹម, រដ្ឋធានីអ៊ីស្រាអែល។
គួរបញ្ជាក់ថា លោក Mike Pence កំពុងបំពេញដំណើរទស្សនកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយកាលពីថ្ងៃសៅរ៍ លោកបានស្ថិតនៅប្រទេសអេហ្ស៊ីបហើយបន្ទាប់មកគឺប្រទេស ហ្សកដានី មុននឹងលោកធ្វើដំណើរទៅកាន់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃអាទិត្យ៕