(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានបង្កើនកំរិតអាកាសអាសន្នសម្រាប់ភ្នំភ្លើង Mayon ពីកំរិតទី ៣ ដល់កំរិតទី ៤ នៅថ្ងៃចន្ទនេះ ដែលនេះមានន័យថា ការផ្ទុះភ្នំក្លើងដ៏គ្រោះថ្នាក់មួយ អាចនឹងកើតឡើងគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឱ្យដឹងយ៉ាងដូច្នេះថា «ភ្នំភ្លើង Mayon នៅក្នុងខេត្ត Albay មានកំរិតរំញ័រកាន់តែខ្លាំង ហើយនឹងផ្ទុះព្រមតំាងបញ្ចេញកំអែលភ្នំភ្លើងដ៏គ្រោះថ្នាក់... ហើយដើម្បីសុវត្ថិភាព វិទ្យាស្ថានបានពង្រីកតំបន់គ្រោះថ្នាក់ក្នុងបរិវេណ ០៨គីឡូម៉ែត្រ ពីកំពូលភ្នំភ្លើង រីឯអ្នកបើកយន្ដហោះគួរកុំហោះជិត ភ្នំភ្លើងមួយនេះ»។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុននឹងការបង្កើនកំរិតប្រកាសអាសន្នដល់កំរិតទី ៤ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានបញ្ជាក់ថា កម្អែលភ្នំភ្លើងនៃរយៈកម្ពស់ពី ៥០០ម៉ែត្រមក ២០០ម៉ែត្រ ចាប់ផ្ដើមមានសកម្មភាពនៅម៉ោង ១០៖៤៥នាទីរសៀលកាលពីថ្ងៃអាទិត្យ និងនៅម៉ោង ២៖២៥នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់)៕