(អាមេរិក)៖ ប្រព័ន្ធផ្កាយមួយមានភពចំនួន ០៥ ត្រូវបានរកឃើញ ដោយក្រុមអ្នកវិទ្យាសាស្រ្តស្ម័គ្រចិត្ត នៅក្នុងរបកគំហើញគួរឲ្យភ្ញាក់ផ្អើលមួយ ហើយវាក៏អាចមានវត្តមានភពទី ៦ ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Independent នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
តាមរយៈការចូលរួមទ្រង់ទ្រាយធំ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តស្ម័គ្រចិត្ត មកពីគ្រប់ទិសទីជុំវិញពិភពលោក ប្រព័ន្ធផ្កាយមានឈ្មោះថា K2-138 ដ៏ឆ្ងាយមួយ ត្រូវបានគេប្រទះឃើញ ដោយវាគឺជាជម្រកនៃភពយ៉ាងតិចចំនួន ០៥ ដែលជាប្រភេទគេហៅថា «Mini ឬ Sub Neptune» មានទំហំចន្លោះទំហំភពផែនដី និងភពណិបទូន នៅចម្ងាយ ៦២០ឆ្នាំពន្លឺ ពីភពពណ៌ខៀវរបស់យើង។
ក្រុមគ្រួសារនៃភពអេលៀន (ក្រៅប្រព័ន្ធព្រះអាទិត្យ) ខាងលើនេះ ត្រូវបានគេរកឃើញ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បានសម្រេចបើកចំហគម្រោង ដែលស្វាគមន៍អ្នកវិទ្យាសាស្រ្តមកពីគ្រប់ទិស ដើម្បីមកជួយពិនិត្យមើលទិន្នន័យ ដែលប្រមូលបានពីកែវយឺតអវកាសប្រមាញ់ភព Kepler ក្នុងរយៈពេល ០៣ឆ្នាំ ទៅលើផ្កាយជាង ២៨០,០០០ដួង។
ក្នុងរយៈពេលត្រឹម ៤៨ម៉ោងប៉ុណ្ណោះ ក្រោយពីគម្រោងខាងលើត្រូវបានចាប់ផ្តើម អ្នកស្ម័គ្រចិត្តជាង១០,០០០នាក់ បានធ្វើការចូលរួម ហើយរយៈពេល ០៣យប់កន្លងផុតទៅ ប្រព័ន្ធ K2-128 ក៏ត្រូវបានរកឃើញ ដោយវាគឺជាលើកទីមួយហើយ ដែលប្រព័ន្ធផ្កាយផ្ទុកភពក្នុងចំនួនច្រើនបែបនេះ ត្រូវបានប្រទះឃើញទាំងស្រុង តាមវីធីសាស្រ្តនៃការជួយពីមហាជនយ៉ាងដូច្នេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែម គឺភពដែលត្រូវបានរកឃើញ និងកំនត់ទីតាំងបានទាំងអស់មាន ភពទំហំប្រហាក់ប្រហែលភពព្រហស្បតិ៍ចំនួន ៤៤ភព, ភពទំហំប្រហាក់ប្រហែលភពណិបទូនចំនួន ៧២ភព, ភពទំហំប្រហាក់ប្រហែលផែនដីចំនួន ៤៤ភព និងភពផែនដីយក្ស ដែលមានទំហំធំជាងផែនដី និងតូចជាងណិបទូនសរុប ៥៣ភព៕