(ហាណូយ)៖ អតីតសមាជិកការិយាល័យនយោបាយ បក្សកុម្មុយនីស្ដវៀតណាម លោក Dinh La Thang នៅថ្ងៃចន្ទនេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ពីបទ មានចេតនារំលោភលើច្បាប់រដ្ឋ ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ច ដែលបង្កឱ្យមានខាតបង់យ៉ាងធ្ងន់ធ្ងរ។ ចំណែកឯ អ្នករួមគំនិតម្នាក់ទៀតគឺ លោក Trinh Xuan Thanh ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
តុលាការទីក្រុងហាណូយ បានសម្រេចចិត្តកាត់ទោស លោក Trinh Xuan Thanh មានអាយុ ៥២ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់បទចោទប្រកាន់ថា មានចេតនារំលោភ លើច្បាប់រដ្ឋស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ច បង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរ និងបទកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុនរដ្ឋ PetroVietnam ឬ PVN។ លោក Dinh La Thang គឺជាអតីតប្រធាន សមាជិកក្រុមប្រឹក្សាក្រុមហ៊ុន PetroVietnam រីឯ លោក Trinh Xuan Thanh ជាអតីតប្រធាន និងអគ្គនាយកក្រុមហ៊ុន PetroVietnam Construction Joint Stock Corporation (PVC) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ PetroVietnam។
លោក Thanh ត្រូវបានគេចោទប្រកាន់ពីបទពុករលួយ នៅអំឡុងពេលនៃការអនុវត្តគំរោងសាងសង់ រោងចក្រថាមពលកំដៅ Thai Binh 2 ដែលកសាងដោយ PVC ហើយបុរសវ័យ ៥៨ឆ្នាំ រូបនេះត្រូវបានបណ្ដេញចេញពីសមាជិកការិយាល័យនយោបាយ បក្សកុម្មុយនីស្ដវៀតណាម កាលពីខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះតុលាការវៀតណាម បានចេញសាលក្រមលើជនជាប់ចោទ ២២នាក់ ក្នុងនោះរួមមានទាំងអតីតអគ្គនាយក PetroVietnam លោក Phung Dinh Thuc រួមទាំងអតីតអគ្គនាយករងពីរនាក់ គឺលោក Nguyen Quoc Khanh និងលោក Nguyen Xuan Son ឱ្យជាប់ពន្ធនាគារ ០៩ឆ្នាំ ផងដែរ៕