(ម៉ូស្គូ)៖ គីម ជុងអ៊ុន គឺជាឈ្មោះមេដឹកនាំវ័យ​ក្មេងកូរ៉េខាងជើង​មួយរូប ដែលមានភាព​ល្បីល្បាញយ៉ាង​ខ្លាំង នៅលើបណ្ដា​ប្រព័ន្ធផ្សព្វផ្សាយ​លោកខាង​លិច ខាងបញ្ជា​ឱ្យគេ​ប្រហារជីវិត​មនុស្ស មិន​រើសមុខកុំថាឡើយ​សាច់ញាតិ​របស់ខ្លួនឯង ពោល​គឺឱ្យតែទើសមុខ​ គឺត្រូវសម្លាប់​ចោល។ ប៉ុន្តែវាមិនមែន​ដូច្នោះទំាងអស់​នោះទេ អាចមានអ្នកខ្លះ​នៅរស់រានពីការស្លាប់ ជាឧទាហរណ៍ដូចជាអតីតសង្សារ​ លោក គីម ជុងអ៊ុន គឺអ្នកនាង យ៉ុន សុងវ៉ុល (Hyon Song-wol)។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

តារាចម្រៀង និងអតីត​គូស្នេហ៍ គឺតារា​ចម្រៀង POP​ កូរ៉េខាងត្បូងអ្នក​នាង Hyon Song-wol បាន​បង្ហាញមុខ​ជាសារធាណៈ​លើកញ្ចក់ទូរទស្សន៍​កាលពី​ឆ្នាំ២០១៤ បើទោះជា​សេចក្ដី​រាយការណ៍​​ជាច្រើនថា អ្នកនាង​ត្រូវបានគេ ប្រហារ​ជីវិតដោយ​បាញ់សម្លាប់ចោល​នៅក្នុង​យុទ្ធនាការបោសសំអាត​ក្រុមអ្នកចម្រៀង តន្ត្រីករ និងអ្នករាំកាល​ពីឆ្នាំ២០១៣ ក៏ដោយ។

តារាចម្រៀងរូបនេះ​ត្រូវបានគេរាយ​ការណ៍ថា ត្រូវគេប្រហារជីវិត​ជាមួយនឹងមនុស្ស ១១នាក់ផ្សេងទៀត ក្នុងនោះរួម​មានសមាជិកក្រុម​តន្ត្រីរបស់​អ្នកនាង គឺក្រុម Moranbong Band និងក្រុម Wangjaesan Light Music Band ក្រោមការ​ចោទប្រកាន់​ពីបទល្មើស​ថតវីដេអូអាសអាភាស និងលក់វីដេអូ​នេះ។ ប៉ុន្តែ​អ្នកនាង Hyon Song-wol ដែលគេជឿ​ជាក់ថា ធ្លាប់មានទំនាក់ទំនង​ស្នេហាត្រីកោណ​ជាមួយ លោក គីម ជុងអ៊ុន នៅមានជីវិត​នៅឡើយ ហើយពេលនេះ​អ្នកនាងកំពុងដឹកនាំ​ក្រុមប្រតិភូ​មួយក្រុម ដើម្បីធ្វើអធិការ​កិច្ចនៅក្នុងប្រទេស​កូរ៉េខាងត្បូង មុនព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ។

ការប្រហារ​ជីវិតមេដឹកនាំ​យោធា​​កាលពីឆ្នាំ២០១៦ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បានចុះផ្សាយថា​ ប្រមុខយោធា​កូរ៉េខាងជើង​លោក Ri Yong Gil ត្រូវបាន​លោក គីម ជុងអ៊ុន បញ្ជាឱ្យគេយក​ទៅប្រហារ​ជីវិត ពីបទ ពុករលួយ។ ប៉ុន្តែពីរបីខែ​ក្រោយមក លោក Ri Yong Gil ស្រាប់តែបង្ហាញ​ខ្លួនជា​មួយមុខ​តំណែង​កាន់តែខ្ពស់ នៅក្នុងសមាជបក្ស​ពលករ​កូរ៉េខាងជើង កាលពី​ខែឧសភា ឆ្នាំ២០១៦។

ការប្រហារជីវិត​ពូបង្កើតខ្លួនឯង​ដោយឱ្យឆ្កែខំា ប្រព័ន្ធផ្សព្វផ្សាយ​លោក​ខាងលិច បានរាយការណ៍​យ៉ាងព្រោងព្រាត​កាលពី​ឆ្នាំ២០១៤ ថាពូបង្កើត​របស់លោក គីម ជុងអ៊ុន​ គឺលោក ចាង សុងតេក (Jang Song Thaek) ត្រូវបាន​គេយកទៅកាត់ទោសប្រហារ​ជីវិត ដោយឱ្យឆ្កែជាង ១២០ក្បាល ខំហែកស៊ីរីរហូត​ដល់ស្លាប់។ ប៉ុន្តែ​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងប្រទេស​បានចាត់ទុកថា ការប្រហារជីវិត​លោកចាង ដោយឱ្យឆ្កែខាំ គឺជារឿង​ប្រឌិត។

ការបំពុលម្ដាយ​មីង​ឱ្យស្លាប់ បន្ថែមពីលើ​ការបោះពូបង្កើតឱ្យ​ឆ្កែហែកស៊ី លោក គីម ជុងអ៊ុន ក៏ត្រូវបាន​គេរាយការណ៍​ផងដែរ​ថា លោកបានផ្ដល់ថ្នាំ​ឱ្យម្ដាយមីងរបស់​លោក គឺលោកស្រី គីម ខ្យុងហ៊ុយ (Kim Kyong-hui)។ លោកស្រី គីម គឺជាប្អូនស្រី​របស់​ឪពុក លោក គីម ជុងអ៊ុន និង​ជាប្រពន្ធ លោក ចាង សុងតេក ត្រូវបានប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​រាយការណ៍ ត្រូវគេប្រហារ ជីវិតដោយ​ឱ្យផឹកថ្នាំពុល​តាមបញ្ជារបស់​ លោកគីម ជុងអ៊ុន។

ប៉ុន្តែ​ក្រោយមកកាលពី​ឆ្នាំ២០១៧ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ បែរជារាយការណ៍​ថា លោកស្រី គីម បែរជានៅ​រស់រាន​មានជីវិតទៅវិញ បើទោះជា​លោកស្រី ធ្លាប់​ស្ថិតក្រោមការព្យាបាល​ជំងឺ​ធ្លាក់ទឹកចិត្ត រហូតដល់ជំងឺ​មហារីក​ក៏ដោយ៕