(វ៉ាស៊ីនតោន)៖ ស្ថានការណ៍ជាប់គាំងនៃរដ្ឋបាល លោក ដូណាល់ ត្រាំ បានឈានចូលដល់ថ្ងៃទីបីហើយ ដោយបុគ្គលិករដ្ឋាភិបាលសរុបរាប់ម៉ឺននាក់ នឹងនៅតែត្រូវបន្តឈប់សម្រាកពីការងារ និងអ្នកខ្លះទៀតត្រូវបំពេញការងារ ដោយពុំមានប្រាក់ឈ្នួលតទៀត ក្រោយពីការបោះឆ្នោតនាយប់ឈានចូលថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅតំបន់ភាគខាងកើតអាមេរិក) លើកញ្ចប់ថវិកា ដើម្បីបញ្ចប់ការជាប់គាំង ត្រូវបានពន្យាពេល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានខាងលើ ព្រឹទ្ធិសភាអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតសម្រេចលើកញ្ចប់ថវិកា សម្រាប់ឧបត្ថម្ភដល់ប្រតិបត្តិការ ក៏ដូចជាទីភ្នាក់ងារនានារបស់រដ្ឋាភិបាលនៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃចន្ទសប្តាហ៍នេះវិញ ត្រូវនឹងម៉ោង ១២៖០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃអង្គារ (ម៉ោងនៅកម្ពុជា)។ ការបោះឆ្នោតនេះ នឹងជួយបើកផ្លូវដើម្បីឲ្យរដ្ឋាភិបាលសហព័ន្ធ អាចដំណើរការដូចប្រក្រតីឡើងវិញ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ។
អ្វីដែលជាឧបសគ្គធំបំផុត ក្នុងការព្រមព្រៀងគ្នាលើ ចំពោះការបោះឆ្នោតនៃកញ្ចប់ថវិកាឧបត្ថម្ភនេះ គឺបញ្ហាជនអន្តប្រវេសន៍ ជាពិសេសកម្មវិធី DACA ដែលការពារក្រុមជនអន្តោប្រវេសន៍ «Dreamer» ជាជនអន្តោប្រវេសន៍ប្រមាណ ៧០០,០០០នាក់ ដែលបានធ្វើដំណើរមកដល់ទឹកដីអាមេរិកដោយខុសច្បាប់ កាលពីកុមារភាព កុំឲ្យត្រូវគេបណ្តេញចេញទៅវិញ។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែកញ្ញាឆ្នាំទៅថា រូបលោកនឹងបិទកម្មវិធីនេះចោល បន្ទាប់ពីធ្លាប់បាននិយាយថា ជន Dreamer ទាំងនោះ នឹងត្រូវទទួលបានការការពារ។
គួរជម្រាបថា មន្រ្តីបក្សសាធារណរដ្ឋមានអាសនៈត្រឹម ៥១ប៉ុណ្ណោះ នៅក្នុងចំណោមអាសនៈសរុបចំនួន ១០០ នៅព្រឹទ្ធសភា។ ដូច្នេះហើយព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ ត្រូវការសំឡេងគាំទ្រពីមន្រ្តីបក្សប្រជាធិបតេយ្យ ដើម្បីឡើងដល់ ៦០សំឡេង ដែលតម្រូវឲ្យកញ្ចប់ថវិកានេះ អាចត្រូវទម្លាក់ចេញបាន។
ការជាប់គាំងរដ្ឋាភិបាលអាមេរិកនេះ បានចាប់ផ្តើមឡើងកាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយទីភ្នាក់ងាររដ្ឋមួយចំនួនត្រូវបានបិទទ្វារ ហើយបុគ្គលិករដ្ឋាភិបាលជាច្រើននាក់ ត្រូវឈប់សម្រាកពីការងារ។ យ៉ាងណាមិញ ស្ថាប័នមួយចំនួនដែលគេចាត់ថ្នាក់ថា ជាស្ថាប័នចាំបាច់ រួមមានផ្នែកយោធា និងសេវាសាធារណៈ នៅតែធ្វើប្រតិបត្តិការដដែល ប៉ុន្តែអ្នកបម្រើការងារនៅតាមស្ថាប័នទាំងនោះ ពុំទទួលបានប្រាក់កម្រៃឡើយ រហូតទាល់តែរដ្ឋាភិបាលសហព័ន្ធ ទទួលបានកញ្ចប់ថវិកាឧបត្ថម្ភ ដែលធ្លាក់ពីសភា។
គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ១៩៩០មក ការជាប់គាំងចំនួន ០៤លើក ហើយ បានកើតមានចំពោះរដ្ឋាភិបាលអាមេរិក ដោយលើកចុងក្រោយបំផុត គឺនៅឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់ លោក បារ៉ាក់ អូបាម៉ា ចាប់ពីថ្ងៃទី០១ ដល់ទី១៧ ខែកក្កដា ហើយក្នុងអំឡុងពេលនោះ បុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន៕