(ប៉េកាំង)៖ អាជ្ញាធរដែនសមុទ្រចិន បានប្រទះឃើញវត្តមាននៃកាកសំណល់ប្រេង នៅកន្លែងមួយចំនួន លើផ្ទៃសមុទ្រចិនខាងកើតកៀកនឹងទីតាំងដែលកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ បានឆេះនិងលិចកាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
រដ្ឋបាលដែនសមុទ្រចិន SOA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វត្តមាននៃការកំពប់ប្រេង ដែលមានទំហំគិតជាបណ្តោយប្រវែង ៥.៤គីឡូម៉ែត្រ និងទទឹងប្រវែង ១.៤គីឡូម៉ែត្រ ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែលជា ០៥គីឡូម៉ែត្រ ពីទីតាំងនៃនាវាដឹកប្រេងអ៊ីរ៉ង់ ដែលបានលិច។
ជាមួយគ្នានេះ នៅមួយថ្ងៃមុន SOA ក៏បានប្រទះឃើញការកំពប់ប្រេងលើផ្ទៃសមុទ្រ បណ្តោយ ០៤គីឡូម៉ែត្រនិងទទឹង ៤០០ម៉ែត្រផងដែរ នៅចម្ងាយ ០៥គីឡូម៉ែត្រ ពីទីតាំងកប៉ាល់ដឹកប្រេងដូចគ្នា។ ទិន្នន័យពីផ្កាយរណប បានបង្ហាញឲ្យឃើញពីទីតាំងកំពប់ប្រេងដល់ទៅ ០៣កន្លែង ដែលគិតជាទំហំសរុប គឺប្រមាណ ៣៣២គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់ដែលបានពិនិត្យតានដាម។
គួរជម្រាបថា កប៉ាល់ដឹកប្រេងមានឈ្មោះថា Sanchi ដែលជាកម្មសិទ្ធិរបស់អ៊ីរ៉ង់ និងត្រូវបានចុះឈ្មោះនៅប៉ាណាម៉ា មានផ្ទុកប្រេងឆៅចំណុះ ១១៣,០០០តោន បានបុកជាមួយនាវាដឹកទំនិញខ្នាតធំរបស់ហុងកុង CF Crystal នៅចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ ភាគខាងកើតនៃទន្លេ Yangtze ប្រទេសចិន កាលពីថ្ងៃទី០៦ ខែមករា និងបានលិចកាលពីថ្ងៃទី១៤ ខែមករា។ ចំណែកក្រុមនាវិកទាំង២៣នាក់ នៅលើកប៉ាល់ដឹកប្រេងនោះ ដោយរួមមានជនជាតិអ៊ីរ៉ង់ ៣០នាក់ និងបង់ក្លាដែស ០២នាក់ ក៏បានបាត់បង់ជីវិតផងដែរ៕
https://s2.reutersmedia.net/resources/r/?m=02&d=20180119&t=2&i=1223243296&r=LYNXMPEE0I07H&w=940