(ញូយ៉ក)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៣នាក់ បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯសង្កាត់ មែនហាតធិន (Manhattan) នៅឯទីក្រុងញូយ៉ក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Spuntnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
យោងតាមប៉ូលិស ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅថ្ងៃអាទិត្យ វេលាម៉ោង ០៤៖៤០ល្ងាច (ម៉ោងនៅសហរដ្ឋអាមេរិក) នៅលើផ្លូវ W.31St ដោយបណ្ដាលឱ្យបុរស ០៣នាក់ រងរបួស ខណៈបុរសស្បែកខ្មៅជាជនសង្ស័យពីរនាក់ កំពុងស្ថិតនៅក្រោមការស្វែងរករបស់ប៉ូលិស។
គួរបញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងតំបន់ ហើយពេលនេះ ពួកគេស្ថិតនៅក្នុងស្ថានភាពនឹងនរ។ សម្រាប់មូលហេតុ នៃករណីបាញ់ប្រហារ ដែលស្ទើរតែកើតឡើងជាប្រចាំនៅសហរដ្ឋអាមេរិកនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយអ្វីៗគ្រប់យ៉ាងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈជនសង្ស័យកំពុងរត់គេចខ្លួន៕