(ឡុងដ៍)៖ អគ្គមេបញ្ជាការកងទ័ពអង់គ្លេស លោកឧត្តមសេនីយ៍ ស៊ឺ នីក ខាធើ (Sir Nick Carter) គ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយថា សមត្ថភាពរបស់កងទ័ពអង់គ្លេស ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង អាចនឹងមិនអាចទៅរួចឡើយ បើសិនជាអង់គ្លេសមិនបន្តការបេ្ដជ្ញាចិត្ត ប្រឆាំងនឹងសត្រូវរបស់ខ្លួនទេនោះ ខណៈដែលរុស្ស៊ីកំពុងជះឥទ្ធិពលរឹតតែខ្លាំងមកលើតំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ការថ្លែងបែបនេះរបស់ លោក Sir Nick Carter ធ្វើឡើងនៅក្នុងសុន្ទរកថា មួយត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) នៅក្នុងបរិបទដែល មានសេចក្ដីរាយការណ៍ជាច្រើន ស្តីពីការកាត់បន្ថយកញ្ចប់ថវិកាយោធា។ ជាងនេះទៅទៀត នៅក្នុងសុន្ទរកថានេះទៀតសោត ដែលនឹងត្រូវថ្លែងចេញជាសាធារណៈនៅឯ Royal United Services Institute នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងទីក្រុងឡុងដ៍) លោក Carter ក៏នឹងធ្វើការគូសបញ្ជាក់ពីការគំរាមកំហែង ពីសំណាក់ទីក្រុងម៉ូស្គូ ជាពិសេសគឺសមត្ថភាពកងទ័ពរុស្ស៊ី នៅក្នុងសង្រ្គាមបច្ចេកវិទ្យា ព្រមទាំងការប្ដេជ្ញាចិត្តរបស់កងទ័ពអង់គ្លេស ក្នុងប្រឈមមុខនឹងការកើនឡើង នៃឥទ្ធិពលយោធារុស្ស៊ីនៅក្នុងតំបន់អឺរ៉ុបខាងកើត។
គួរបញ្ជាក់ថា ការព្រមានរបស់លោក Sir Nick Carter កើតមានឡើងបន្ទាប់ពីរុស្ស៊ី បានដឹកនាំការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ នៅតំបន់ភាគខាងជើងអឺរ៉ុប ចាប់ពីទីក្រុង កាលីនីនក្រាដ (Kaliningrad) រហូតប្រទេសលីទុយអានី។ ការបង្កើនយោធានេះ គឺកើតមានឡើងចំពេលដែលបណ្តាប្រទេសអង្គការ NATO កំពុងតែប្រុងជើងការកម្រិតខ្ពស់ និងវិបត្តិភាគខាងកើតអ៊ុយក្រែន ក៏គ្មានសញ្ញាធូរស្បើយនៅឡើយ៕
https://www.forces.net/sites/default/files/styles/cover_image/public/IMG_6192.JPG?itok=uOx9u31_