ស្ថានការណ៍ក្តៅ! សហរដ្ឋអាមេរិក «អំពាវនាវឲ្យតួកគីបន្ធូរដៃ និងអត់ធ្មត់» កុំបង្ករឿងធំក្នុងទឹកដីស៊ីរី!
22-01-2018 11:13
(វ៉ាស៊ីនតោន)៖ ខណៈប្រទេសតួកគី បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ឆ្លងចូលតំបន់ភាគខាងជើង នៃប្រទេសស៊ីរី ដើម្បីវាយកម្ទេចក្រុមឃើដនោះ សហរដ្ឋអាមេរិក បានចេញមុខអំពាវនាងឲ្យទីក្រុងអង់ការ៉ា បន្ធូរដៃ និងបង្កើនការអត់ធ្មត់ នៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីបញ្ចៀសកុំឲ្យមានជនស៊ីវិលរងគ្រោះច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យតួកគីបន្តមានដែនកំណត់នៅលើវិសាលភាព និងថេរវេលានៃប្រតិបត្តិការយោធារបស់ខ្លួន ព្រមទាំងមានការយល់ចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ជៀសការបាត់បង់ជីវិត និងរងរបួស នៃប្រជាជនស៊ីវិលស្លូតត្រង់។ ដោយបានគូសបញ្ជាក់អំពីកិច្ចពិភាក្សាគ្នារវាង រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធិល្លឺសុន និងសមភាគីតួកគី ក៏ដូចជារុស្ស៊ី ស្តីពីស្ថានការណ៍នៅភាគពាយ័ព្យស៊ីរី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញក្តីព្រួយបារម្ភរួចមកហើយ អំពីស្ថានភាពនៅក្នុងតំបន់ ជាពិសេសនោះ គឺជនស៊ីវិលស្លូតត្រង់ ដែលបច្ចុប្បន្នត្រូវប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។
គួរជម្រាបថា តួកគីបានបើកប្រតិបត្តិការខាងលើ ដែលមានឈ្មោះថា Operation Olive Branch ដោយមានការវាយលុកតាមផ្លូវអាកាស និងការផ្លោងគ្រាប់យ៉ាងចាស់ដៃជាទីបំផុត ដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធឃើដ YPG ចេញពីតំបន់ Afrin របស់ស៊ីរី ដែលទីក្រុងអង់ការ៉ាចាត់ទុកថា គឺជាក្រុមភេរវករ មានទំនាក់ទំនងនឹងគណបក្សពលករឃើដ PKK នៅតួកគី។
បន្ថែមពីខាងលើនេះ តួកគីក៏ធ្លាប់បានបញ្ជាក់ហើយថា ខ្លួនបានជូនដំណឹង ក៏ដូចជាស្នើដល់ទីក្រុងដាម៉ាសរួចជាស្រេច ប៉ុន្តែរដ្ឋាភិបាលស៊ីរីបានទាត់សំណើនេះចោល និងថ្កោលទោសធ្ងន់ៗទៅលើប្រតិបត្តិការតួកគីថា ជាការឈ្លានពានសុទ្ធសាធ។ បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជនស៊ីវិលយ៉ាងតិច ១៨នាក់ បានបាត់បង់ជីវិត ដោយគ្រាន់តែប្រតិបត្តិការយោធាទ្រង់ទ្រាយធំនេះ ចាប់ផ្តើមបានតែបន្តិចប៉ុណ្ណោះ៕