(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំងថា មិនមានសមត្ថភាពស្វែងរកកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ហើយថា ទីក្រុងវ៉ាស៊ីនតោនតែងតែជាអ្នកដំបូងគេ ដែលរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Kommersant ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Sergey Lavrov បាននិយាយចំៗតែម្ដងថា សហរដ្ឋអាមេរិក
គ្មានសមត្ថភាពចរចា ឬស្វែងរកកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ហើយមិនត្រឹមតែគ្មានសមត្ថភាព បែរជារំលោភលើកិច្ចព្រមព្រៀងទៅទៀត។
លោក Lavrov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា វាគឺជារឿងមិនអាចទទួលយកបាន ដែលអ៊ីរ៉ង់ ស៊ីរី លីប៊ី យ៉ែមែន ឬក៏ឧបទ្វីបកូរ៉េ ត្រូវបានបញ្ចូលក្នុងកិច្ចព្រមព្រៀងមួយ ដែលបញ្ជាក់យ៉ាងច្បាស់ពីកាតព្វកិច្ច របស់កូរ៉េខាងជើង និងបណ្ដាប្រទេសដទៃ ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងតែងតែរំលោភលើកិច្ចព្រមព្រៀងនេះ។ ជាក់ស្ដែងគ្រាន់តែ កិច្ចព្រមព្រៀងមួយដែលបានសម្រេចទៅហើយ តែសហរដ្ឋអាមេរិកបែរជាដាក់ទណ្ឌកម្មលើកូរ៉េខាងជើងទៅវិញ ជាឧទាហរណ៍ដូចជាការបង្កកគណនីធនាគារមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងជាដើម»។
គួរបញ្ជាក់ថា បើតាមលោក Sergey Lavrov គេអាចធ្វើកិច្ចពិភាក្សាជាច្រើនជាមួយកូរ៉េខាងជើង ព្រោះទីក្រុងព្យុងយ៉ាងជាប្រទេសមានហេតុផល រីឯសហរដ្ឋអាមេរិកកំពុងប្រព្រឹត្ត កំហុសឆ្គង និងគ្មានសមត្ថភាពស្វែងរកកិច្ចព្រមព្រៀង៕