(អង់ការ៉ា)៖ បន្ទាប់ពីព្រមានអស់រយៈពេលជាច្រើនថ្ងៃ នៅទីបំផុតកងកម្លាំងតួកគី បានឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ នៅភាគខាងជើងប្រទេសស៊ីរីហើយ ដើម្បីបើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយលុកលើក្រុមឧទ្ទាមឃើដ ដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
ក្រុមឧទ្ទាមឃើដស្ថិតនៅក្រោមគោលដៅរបស់យោធាតួកគី គឺមានឈ្មោះថា YPG។ ក្រុមឧទ្ទាមឃើដមួយនេះកំពុងធ្វើសកម្មភាពនៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី ជាប់ព្រំដែនតួកគី ភាគខាងត្បូង និងត្រូវបានរដ្ឋាភិបាលទីក្រុងអង់ការ៉ាជឿជាក់ថា មានសម្ព័ន្ធភាពជាមួយគណបក្សពលករឃើដ PKK ដែលជាបន្លានៅក្នុងកែវភ្នែករបស់តួកគី។
មិនតែប៉ុណ្ណោះ តួកគី ក៏បានចោទប្រកាន់ផងដែរថា YGP តែងតែបាញ់គ្រាប់រ៉ុក្កែតចូលមកក្នុងទឹកដីតួកគី។ ក៏ប៉ុន្តែក្រុមអ្នកជំនាញខ្លះ មានការព្រួយបារម្ភជាខ្លាំងដោយខ្លាចក្រែងសង្រ្គាមនៅក្នុងតំបន់ ផ្ទុះឡើងដ្បិត YGP ត្រូវបានបណ្ដុះបណ្ដាល និងគំាទ្រដោយសហរដ្ឋអាមេរិកនៅក្នុងការវាយកម្ទេចពួក ISIS នៅក្នុងប្រទេសស៊ីរី ខណៈរដ្ឋាភិបាលស៊ីរីទើបតែព្រមានដែរថា នឹងបាញ់ទម្លាក់រាល់យន្ដហោះចម្បាំងតួកគីទាំងអស់ ដែលចូលមកក្នុងដែនអាកាសស៊ីរី។
គួរបញ្ជាក់ឡើងវិញថា កាលពីសប្ដាហ៍មុនប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមានជាសាធារណៈថា នឹងបោសសំអាតក្រុមឧទ្ទាមឃើដ YPG ក្រោយ មានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់ នៅតាមបណ្ដោយព្រំដែនតួកគី-ស៊ីរី។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានបដិសេធហើយជំរុញឱ្យតួកគីអត់ធ្មត់ ដើម្បីបញ្ជៀសការបាត់បង់អាយុជីវិតជនស៊ីវិល៕