(កាប៊ុល)៖ ការដណ្តើមត្រឡប់មកវិញ នូវសណ្ឋាគារប្រណិតក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលជាការប្រយុទ្ធបង្ហូរឈាមគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធនោះ ត្រូវបានបញ្ចប់ទៅហើយ ក្រោយការតតាំងគ្នាតាំងពីយប់ថ្ងៃសៅរ៍ ឈានចូលមកដល់ថ្ងៃអាទិត្យនេះ ដោយក្នុងនោះមនុស្ស ០៩នាក់បានស្លាប់ ដែលរួមមានទាំងសមាជិក នៃពួកសកម្មប្រយុទ្ធផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ពីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានឲ្យដឹងថា «ជាអកុសល្យជនស៊ិវិល ០៥នាក់ បានបាត់បង់ជីវិត និង ០៤នាក់ទៀត ជាពួកសកម្មប្រយុទ្ធក៏ត្រូវបានសម្លាប់ដែរ។ ដោយឡែកមនុស្ស ០៦នាក់បានទទួលរងរបួស ដោយក្នុងនោះ ០៤នាក់ជាប៉ូលិស»។ ក្រុមសកម្មប្រយុទ្ធ ដែលបានចូលមកលុយសណ្ឋាគារអន្តរជាតិកាប៊ុលខាងលើនេះ គឺមានបង្កៃគ្រាប់បែកជាប់ខ្លួន ដែលពួកគេត្រៀមរួចទៅហើយក្នុងការបំផ្ទុះអត្តឃាត។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ និងបណ្តាញក្រុមហាកកានី គឺជាមុខព្រួញនៃការចោទប្រកាន់ ជុំវិញការបង្ករឿងខាងលើនេះ ខណៈដែលសណ្ឋាគារប្រណិតនៅជើងភ្នំខាងលើ មានភ្ញៀវស្នាក់នៅសរុប ១៦០នាក់ កំពុងស្នាក់នៅនាពេលយប់កើតហេតុ ហើយក្នុងចំណោមនោះ ៤១នាក់ ជាជនបរទេស៕