(បរទេស)៖ អង្គការណាសាបានឱ្យដឹងថា អាចម៍មានទំហំមធ្យមមួយ នឹងធ្វើដំណើរមកជិតភពផែនដីនៅថ្ងៃទី០៤ ខែកុម្ភៈខាងមុខនេះ ប៉ុន្តែវានឹងមិនមានការប៉ះទង្គិចជាមួយផែនដីនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ អង្គការណាសាបានបញ្ជាក់ទៀតថា នៅពេលធ្វើដំណើរមកជិតផែនដី អាចម៍ផ្កាយនេះនឹងមិនស្ថិតនៅជិតជាង ១០ដងនៃ ចំងាយរវាងផែនដី និងព្រះច័ន្ទឡើយ។ វាត្រូវបានគេស្គាល់ឈ្មោះថា 2002 AJ129 អាចម៍ផ្កាយមួយនេះ ជាប្រភេទអាចម៍ផ្កាយ Potentially Hazardous Asteroid (PHA) ដែលកំណត់ដោយអង្គការណាសាថា ជាអាចម៍ផ្កាយនៅជិតផែនដី ឬ Near-Earth Asteroids ផងដែរ ជាមួយចំងាយមធ្យមពីផែនដីបច្ចុប្បន្នប្រមាណ ៧.៥លានគីឡូម៉ែត្រ។
ក៏ប៉ុន្តែអាចម៍ផ្កាយ 2002 AJ129 នឹងមិនបង្កជាការគំរាមកំហែង នៃការបុកទង្គិចគ្នាជាមួយផែនដីនោះទេ ហើយ NASA បានធ្វើការអង្កេតអាចម៍ផ្កាយមួយនេះ អស់រយៈពេល ១៤ឆ្នាំមកហើយ។ ភាពប្រាកដច្បាស់នោះ គឺមជ្ឈមណ្ឌលសិក្សាវត្ថុអវកាសរបស់ NASA បានធានាថា 2002 AJ129 មានឱកាស ០% ប៉ុណ្ណោះក្នុងការបុកផែនដី សូម្បីតែ ១០០ឆ្នាំទៅមុខទៀត ក៏យើងមិនបាច់ភ័យពីវាដែរ។
គួរបញ្ជាក់ថា 2002 AJ129 មានមុខកាត់ប្រវែងចន្លោះពី ០.៥គីឡូម៉ែត្រ ទៅ ១.២គីឡូម៉ែត្រ ដែលវាអាចប្រៀបធៀបបានជាមួយនឹងទំហំ នៃអគារខ្ពស់ជាងគេលើលោក Burj Khalifa ក្នុងទីក្រុងឌូបៃ ព្រោះអគារនេះមានកម្ពស់ជាង ៨០០ម៉ែត្រទៅហើយ។ 2002 AJ129 ត្រូវបានរកឃើញកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០០២ ដោយមជ្ឈមណ្ឌលអង្កេតវត្ថុអវកាសជិតផែនដីរបស់ NASA។
សូមបញ្ជាក់ថាបន្ថែមថា នៅថ្ងៃទី០៤ ខែកុម្ភៈ អាចម៍ផ្កាយ 2002 AJ129 នឹងមកជិតផែនដីបំផុតក្នុងរយៈចម្ងាយ ៤.២លានគីឡូម៉ែត្រ ដោយល្បឿនហោះហើររបស់វាគឺ ៣៤គីឡូម៉ែត្រក្នុងមួយវិនាទីឯណោះ។ ក្រៅពីការហោះកៀកនឹងផែនដី 2002 AJ129 ក៏ហោះទៅកៀកព្រះអាទិត្យផងដែរ ក្នុងរយៈចម្ងាយ ១៨លានគីឡូម៉ែត្រ៕