(សេអ៊ូល)៖ ប្រតិភូមួយរូបតំណាងឲ្យក្រុមកីឡាករកូរ៉េខាងជើង បានធ្វើដំណើរមកដល់ទីក្រុង Gangneung របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការពិភាក្សាគ្នាជាមួយសមភាគីទីក្រុងសេអ៊ូល ក្នុងការរៀបចំបញ្ជូនក្រុមប្រតិភូ អត្តពលិក និងក្រុមតន្ត្រី មកចូលរួមព្រឹត្តិការណ៍បើកសម្ពោធ និងប្រកួតកីឡាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchange របស់កូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដំណឹងខាងលើត្រូវបានប្រកាសឲ្យដឹងដោយ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ហើយបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដដែល ដើមឡើយកូរ៉េខាងជើង បានជូនដំណឹងថា ខ្លួននឹងធ្វើការបញ្ជូនគណៈប្រតិភូ តាមរយៈច្រកផ្លូវគោកនាថ្ងៃអាទិត្យនេះ ហើយកាលវិភាគសម្រាប់អំឡុងដំណើរទស្សនកិច្ចនេះ អាចប្រព្រឹត្តទៅជាធម្មតា តាមអ្វីដែលបានព្រមព្រៀងគ្នារួចជាស្រេច។
គួរជម្រាបថា អ្នកតំណាងចំនួន ០៧រូប មកពីកូរ៉េខាងជើង ដែលត្រូវបានដឹងថា នឹងមកធ្វើទស្សនកិច្ចនាថ្ងៃសៅរ៍ម្សិលមិញនៅកូរ៉េខាងត្បូង ដើម្បីពិនិត្យមើលទីតាំងសម្តែង នៃក្រុមតន្រ្តីរបស់ខ្លួននោះត្រូវបានលុបចោលវិញ ហើយសម្រាប់ការមកទស្សនកិច្ចនៅថ្ងៃអាទិត្យនេះ គឺមានតែប្រតិភូកូរ៉េខាងជើងមួយរូបប៉ុណ្ណោះ មិនមែន ០៧រូប ដូចការគ្រោងទុកនោះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមតន្រ្តី កូរ៉េខាងជើងក៏នឹងបញ្ជូនក្រុមអត្តពលិកឲ្យមកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅក្រុង Pyoengchang របស់កូរ៉េខាងត្បូងផងដែរ ហើយការចូលរួមពីសំណាក់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានអន្តរជាតិយល់ឃើញថា គឺជាភាពវិជ្ជមានផ្នែកការទូតមួយរវាងប្រទេសទាំងពីរ ក្រោយពីមានភាពតានតឹងខ្លាំងអស់ជាច្រើនខែ ជុំវិញកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង៕