(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានបញ្ចេញប្រតិកម្មតបវិញ ចំពោះការលើកឡើងដោយក្រសួងការពារជាតិអាមេរិក ចិនកំពុងតែបង្កការគំរាមកំហែងខ្លាំងបំផុត ចំពោះសហរដ្ឋអាមេរិក ហើយថាការលើកឡើរបៀបៗនេះ គឺជាគំនិតបែបសម័យសង្គ្រាមត្រជាក់ ដែលនឹងជំរុញឲ្យមានការឈ្លោះទាស់ទែង និងប្រឈមមុខដាក់គ្នាប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើមនុស្សមួយចំនួន សំឡឹងមើលពិភពលោកដូចនៅសម័យកាលសង្គ្រាមត្រជាក់ និងព្យាយាមលេងល្បែងសង្គ្រាមឥតឈប់ឈរនោះ វាពិតណាស់គំនិតបែបនេះ នឹងមិនអាចនាំឲ្យពិភពលោក សម្រេចបានគោលដៅសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនោះឡើយ»។
ប្រតិកម្មខ្លាំងៗពីសំណាក់ស្ថាប័នជាន់ខ្ពស់ នៃរដ្ឋាភិបាលចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីលោក ចេមស៍ ម៉ាត់ទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើបទអត្ថាធិប្បាយមួយដ៏រសើបបំផុតថា «ចិន និងរុស្ស៊ីកំពុងតែព្យាយាមក្តោបយកអំណាច ដើម្បីបង្កើតពិភពលោកមួយ ជាមួយនឹងរបៀបដឹកនាំបែបផ្តាច់ការរបស់ពួកគេ»។
គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងច្បាស់ៗទៅកាន់អាមេរិកវិញថា ទីក្រុងប៉េកាំងតែងតែស្វែងរក កិច្ចសហប្រតិបត្តិការក្នុងលក្ខណៈជាដៃគូសកល ហើយវាមិនមែនជាការព្យាយាមត្រួតត្រាពិភពលោកនោះឡើយ៕