(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងបញ្ជូនគណៈប្រតិភូមួយក្រុម មកកាន់កូរ៉េខាងត្បូង នាថ្ងៃអាទិត្យស្អែកនេះ ដើម្បីរៀបចំចាត់ចែងការធ្វើដំណើររបស់ក្រុមតន្រ្តីកូរ៉េខាងជើង មកសម្តែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ លើទឹកប្រទេសកូរ៉េខាងត្បូងនាខែក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
ដំណឹងខាងលើ ត្រូវបានប្រកាសឲ្យដឹងដោយ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ហើយបើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងដដែលនេះ កូរ៉េខាងជើង បានជូនដំណឹងនាថ្ងៃសៅរ៍នេះថា ខ្លួននឹងធ្វើការបញ្ជូនគណៈប្រតិភូ តាមរយៈច្រកផ្លូវគោកនាថ្ងៃអាទិត្យស្អែក ហើយកាលវិភាគសម្រាប់អំឡុងដំណើរទស្សនកិច្ចនេះ អាចប្រព្រឹត្តទៅជាធម្មតា តាមអ្វីដែលបានព្រមព្រៀងគ្នារួចជាស្រេច។
គួរជម្រាបថា អ្នកតំណាងចំនួន០៧រូបមកពីកូរ៉េខាងជើង ត្រូវបានគេគ្រោងថានឹងមកធ្វើទស្សនកិច្ចនាថ្ងៃសៅរ៍នេះ នៅកូរ៉េខាងត្បូង ដើម្បីពិនិត្យមើលទីតាំងសម្តែងនៃក្រុមតន្រ្តីរបស់ខ្លួន ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏បានលុបចោលវិញ ហើយសម្រេចជាចុងក្រោយថានឹងធ្វើដំណើរមកនៅថ្ងៃស្អែកនេះវិញ។
គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមតន្រ្តី កូរ៉េខាងជើងក៏នឹងបញ្ជូនក្រុមអត្តពលិកឲ្យមកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅក្រុង Pyoengchang របស់កូរ៉េខាងត្បូងផងដែរ ហើយការចូលរួមពីសំណាក់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានអន្តរជាតិយល់ឃើញថា គឺជាភាពវិជ្ជមានផ្នែកការទូតមួយរវាងប្រទេសទាំងពីរ ក្រោយពីមានភាពតានតឹងខ្លាំងអស់ជាច្រើនខែ ជុំវិញកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង៕