(អ៊ីស្តង់ប៊ុល)៖ មនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់ និង ៤៦នាក់ទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ចរចារណ៍ដ៏គួរឲ្យរន្ធត់មួយ គឺរថយន្តក្រុងបុកដើមឈើនៅតាមដងផ្លូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានហ្វីលីពីន Manila Times នាល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
រថយន្តក្រុងដែលបានជួបគ្រោះអកុសល្យខាងលើនេះ ត្រូវបានប៉ូលិសតួកគីអះអាងថា បានធ្វើដំណើរទាំងកណ្តាលយប់ឈានចូលថ្ងៃសៅរ៍នេះ ពីរដ្ឋធានីអង់ការ៉ា ឆ្ពោះទៅកាន់ទីក្រុង Bursa ស្ថិតនៅភាគខាងលិចប្រទេស។ ប៉ូលិសបានបន្ថែមថា ផ្លូវធ្វើដំណើរ គឺមានសភាពល្អធម្មតានោះទេ នៅកន្លែងដែលរថយន្តបុកដើមឈើ ស្ថិតក្នុងតំបន់ Eskisehir។
គួរបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ និងរបួស ក៏មានកុមារមួយចំនួនផងដែរ ហើយអ្នកបើកបររថយន្តទាំងពីររូប គឺនៅមានជីវិត ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរ។ សម្រាប់មូលហេតុជាក់លាក់នៃគ្រោះថ្នាក់ គឺស្ថិតនៅក្នុងការស៊ើបអង្កេតបន្ត ប៉ុន្តែអ្វីដែលនាំឲ្យគេសន្និដ្ឋានជាបឋមនោះ គឺអ្នកបើកបរអាចគេចពីយានជំនិះផ្សេង ឬមួយក៏ងងុយគេងពេលកំពុងបើកបរផងក៏ថាបាន៕