(វ៉ាស៊ីនតោន)៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅឯសហរដ្ឋអាមេរិក មហាសេដ្ឋីអចលទ្រព្យ ដែលពុំមានបទសោធន៍អ្វីទាល់តែសោះ ទាក់ទងនឹងរឿងនយោបាយ គឺលោក ដូណាល់ ត្រាំ បានធ្វើការសច្ចាប្រណិធាន ដើម្បីឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក បន្តពីលោក បារ៉ាក់ អូបាម៉ា។ ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបនៃព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ក្នុងអំឡុងមួយឆ្នាំដំបូងនៃអាណត្តិដឹកនាំ របស់ប្រធានាធិបតីដ៏ចម្រូងចម្រាសរូបនេះ។
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧៖ គ្រាន់ក្លាយជាប្រធានាធិបតីផ្លូវការភ្លែត លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយប្រកាសពីការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៃភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក ហៅកាត់ថា TPP។
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាជាលើកដំបូង លើបទបញ្ជាប្រតិបត្តិមួយទៀត ស្តីពីការដាក់បំរាមដ៏ចម្រូងចម្រាស ដោយហាមឃាត់មិនឲ្យប្រជាជន ឬជនភៀសខ្លួន ដែលមានប្រភពមកពីប្រទេសចំនួន ០៧ នៅតំបន់អាស៊ីខាងលិច និងអាហ្រិ្វកខាងជើង ឈានជើងចូលទឹកដីអាមេរិកឡើយ។
ថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០១៧៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាលើកដំបូងជាមួយ លោក ដូណាល់ ត្រាំ នៅឯរមណីដ្ឋាន Mar-a-Lago របស់លោក ត្រាំ ផ្ទាល់។
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧៖ លោក Neil Gorsuch ដែលត្រូវបានជ្រើសតាំងដោយ លោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាប្រធានតុលាការកំពូល ពោលគឺសាជាថ្មីម្តងទៀត ដែលស្ថាប័ននេះត្រូវបានគ្រប់គ្រងដោយក្រុមអភិរក្សនិយមវិញ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយ ចាប់ផ្តើមពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សព្វាវុធ មានតម្លៃដល់ទៅ ១១០ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសដ៏ធំមួយទៀត ពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស។
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានប្រកាសពីការត្រួតពីនិត្យឡើងវិញ ទៅលើផ្នែកខ្លះៗនៃគោលនយោបាយគុយបា របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ខំចិត្តចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការដាក់ទណ្ឌកម្មបន្ថែមផ្នែកសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី។
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដកប្រទេសលោក ចេញពីអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ។
ថ្ងៃទី០៨-១០ ខែវិច្ឆិកា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ទៅកាន់ប្រទេសចិន។
ថ្ងៃទី០៦ ខែធ្នូ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសដ៏ធំមួយទៀត ដែលធ្វើឲ្យកក្រើកពិភពលោក ស្តីពីការទទួលស្គាល់ជាផ្លូវការចំពោះទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយបានបង្គាប់ឲ្យចាប់ផ្តើមនីតិវិធីនៃការផ្លាស់ប្តូរស្ថានទូតអាមេរិក ប្រចាំអ៊ីស្រាអែល ទៅកាន់ទីនោះវិញ។
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាង គោលនយោបាយការពារជាតិ ដែលមានតម្លៃជិត ៧០០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៨ (គិតចាប់ពីដើមខែមេសា ឆ្នាំ២០១៧ ដល់ចុងខែមីនា ឆ្នាំ២០១៨)។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការយុទ្ធសាស្រ្តសន្តិសុខជាតិ ដែលក្នុងនោះមានចិន និងរុស្ស៊ីជាគូប្រកួតប្រជែង។
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងកែទម្រង់ពន្ធដារនៅក្នុងប្រទេស ដែលវាគឺជាកំណែប្រែដ៏សំខាន់បំផុតមួយ នៃប្រព័ន្ធពន្ធអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៨៦មក។
ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨៖ លោក ដូណាល់ ត្រាំ បាននិយាយថា ជាលើកចុងក្រោយ រូបលោកនឹងបន្តមិនអនុវត្តការដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ឡើយ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយគំរាមថា សហរដ្ឋអាមេរិក អាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ បើពុំមានការចរចា និងកែលម្អថ្មីទេនោះ៕