(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកកំពុងជាប់គាំងហើយ ដោយបញ្ហាធំនឹងធ្លាក់ទៅលើស្ថាប័នមួយចំនួនរបស់រដ្ឋ ព្រោះតែព្រឹទ្ធសភាមិនអាចពិភាក្សាត្រូវរ៉ូវគ្នា ជុំវិញរឿងទម្លាក់កញ្ចប់ថវិកាសម្រាប់ចំណាយ ដែលនឹងអនុញ្ញាតឲ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្តដំណើរការដូចប្រក្រតីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
កិច្ចចរចានៅជំហ៊ានចុងក្រោយ ជុំវិញបញ្ហាផ្តល់កញ្ចប់ថវិកាដល់រដ្ឋាភិបាល បានទទួលបរាជ័យ ខណៈក្រុមព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ បានសម្រេចរារាំងសេចក្តីព្រាងថវិការយៈពេលខ្លី ពោលគឺសម្រាប់អំឡុងពេល ០៤សប្តាហ៍ នៅក្នុងការបោះឆ្នោតមួយ នាកណ្តាលរាត្រីឈានចូលថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ ប្រការនេះបានបង្កឲ្យមានការជាប់គាំងដំណើរការរដ្ឋាភិបាលអាមេរិកចំនួន ០៤លើក ហើយក្នុងអំឡុងពេល ២៥ឆ្នាំ កន្លងទៅនេះ ដោយចុងក្រោយបំផុត បានកើតមានកាលពីឆ្នាំ២០១៣។
ជុំវិញរឿងដ៏អាម៉ាសនេះ សេតវិមានបានស្តីបន្ទោសក៏ដូចជាទម្លាក់កំហុស ទៅលើក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ ចំពោះការបិទផ្នែកមួយចំនួន នៃរដ្ឋាភិបាលនេះ ដែលគាប់ជួនទៀតសោត គឺកើតមានឡើងនៅចំគម្រប់ខួបកាន់អំណាចបានមួយឆ្នាំល្មមរបស់លោក ដូណាល់ ត្រាំ ទោះបីជាលោកប្រធានាធិបតីអាមេរិករូបនេះ កាលពីថ្ងៃសុក្រ បានចំណាយពេលស្ទើរពេញមួយថ្ងៃ ដើម្បីព្យាយាមបង្កើតកិច្ចព្រមព្រៀងជាមួយប្រធានសំឡេងភាគតិចព្រឹទ្ធសភា លោក Chuck Schumer នៃបក្សប្រជាធិបតេយ្យ សំដៅរក្សាឲ្យរដ្ឋាភិបាលរបស់លោក នៅបើកដំណើរការយ៉ាងណាក្តី។
ភាពចម្រូងចម្រាសខាងលើនេះ ត្រូវគេសង្កេតឃើញថា គឺដោយសារតែបញ្ហាខ្វែងគំនិតគ្នា ជុំវិញកម្មវិធីការពារជនអន្តោប្រវេសន៍ខុសច្បាប់ ដែលអនុញ្ញាតឲ្យបុគ្គល ដែលត្រូវបាននាំមកកាន់ទឹកដីសហរដ្ឋអាមេរិក កាលពីវ័យកុមារ ដោយពុំមានឯកសារត្រឹមត្រូវ អាចបន្តរស់នៅក្នុងប្រទេសនេះបាន ដោយមិនប្រឈមនឹងការបណ្តេញចេញទៅវិញឡើយ។
គួរជម្រាបថា ទាក់ទិននឹងការជាប់គាំងខាងលើ ទីភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធ រួមមានស្ថាប័នដែលពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពសាធារណៈ និងយោធា ដែលត្រូវគេចាត់ទុកថាជា «ស្ថាប័នចាំបាច់» នោះនឹងនៅបន្តដំណើរការជាធម្មតា ខណៈស្ថាប័នដទៃទៀត ដែលមិនចាំបាច់នឹងត្រូវបិទទ្វារ រហូតទាល់តែសភាសម្រេចអនុម័តសេចក្តីព្រាងកញ្ចប់ថវិកា ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់រដ្ឋាភិបាលសហព័ន្ធឡើងវិញ៕