(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាថា នឹងនៅតែបន្តរួបរួមគ្នា ក៏ដូចជាធ្វើការងាររួមគ្នា ដើម្បីបំបែកកូរ៉េខាងជើង ចេញពីកម្មវិធីនុយក្លេអ៊ែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីមន្ទីរការពារជាតិ បញ្ចកោណ-អាមេរិក (Pentagon) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសៅរ៍ ២០ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសុក្រ មន្ទីរ Pentagon បានលើកឡើងយ៉ាងដូច្នេះថា «មេដឹកនាំប្រទេសទាំងពីរនៅតែអះអាងពីសារៈសំខាន់ នៃភាពរឹងមំាក្នុងនាមជាសម្ព័ន្ធមិត្ត និងការប្រុងប្រយ័ត្នរួមទាំងការរួបរួមគ្នាក្នុងការប្រឈមមុខ ជាមួយនឹងការឈ្លានពានរបស់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរ ក៏នៅតែបន្តផងដែរនូវការធ្វើការងារ រួបរួមគ្នាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើធ្វើឡើង បន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Choo-suk និងសមភាគីអាមេរិក លោក Pat Shanahan កាលពីថ្ងៃសុក្រ៕