(ញូដេលី)៖ ប្រទេសឥណ្ឌា កំពុងអភិវឌ្ឍន៍មីស៊ីលប្រដេញខ្នាតធំ និងមានល្បឿនលឿនឈ្មោះថា BrahMos ដែលមានរយៈចម្ងាយវាយប្រហារដំឡើងដល់ ៨០០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
បើតាមប្រភពពីមន្រ្តីយោធាឥណ្ឌា រយៈចម្ងាយវាយលុកនៃមីស៊ីលប្រភេទនេះ ធ្លាប់ត្រូវបានបង្កើនពី ២៩០គីឡូម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ ម្តងរួចមកហើយកាលពីឆ្នាំមុន ហើយឥឡូវនេះវាកំពុងត្រូវដំឡើងឲ្យដល់ ៨០០គីឡូម៉ែត្រ ថែមទៀត។ ប៉ុន្តែការធ្វើតេស្តបាញ់សាកល្បងវិញនោះ ទំនងជានឹងត្រូវធ្វើឡើង នៅកំឡុងចុងឆ្នាំ២០១៨នេះ។
គួរជម្រាបថា មីស៊ីល BrahMos ប្រភេទបាញ់ចេញពីផ្ទៃដី និងផ្ទៃអាកាស ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការរួចស្រេចទៅហើយ នៅក្នុងជួរកងទ័ពជើងគោក និងជើងទឹកនៃប្រទេសឥណ្ឌា ខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ឥណ្ឌាបានធ្វើតេស្តដោយជោគជ័យ នូវប្រភេទបាញ់ចេញពីលើផ្ទៃអាកាស។
ម៉្យាងវិញទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មហាយក្សទីពីរនៅអាស៊ីមួយនេះ ក៏ទើបតែបានធ្វើតេស្តបាញ់មីស៊ីលផ្លោង ប្រភេទបាញ់ចេញពីលើដីគោកទៅកាន់ដីគោក Agni V ដែលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ Agni V គឺជាមីស៊ីលដ៏ទំនើបជាងគេបង្អស់ នៅក្នុងចំណោមមីស៊ីលប្រភេទ Agni ដែលមានរយៈចម្ងាយវាយប្រហារជាង ៥,០០០គីឡូម៉ែត្រ៕