(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វរញ៉ាបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនផ្តាសាយធំ នៅក្នុងចំណោមអ្នករស់នៅក្នុងរដ្ឋមួយនេះ ដែលមានវ័យក្រោម ៦៥ឆ្នាំ នោះបានកើនដល់ ៧៤នាក់ ហើយគិតចាប់តាំងពីខែតុលាឆ្នាំ២០១៧ ដោយប្រការនេះ បានគូសបញ្ជាក់ឲ្យឃើញពីបញ្ហាជំងឺឆ្លងដ៏ធ្ងន់ធ្ងរមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា អាចឆ្លងយ៉ាងងាយតាមរយៈមធ្យោបាយដ៏សាមញ្ញគឺ ដង្ហើមមនុស្ស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of California នៃទីក្រុង Berkely ព្រមទាំងសាកលវិទ្យាល័យ San Jose State University នៃក្រុង San Jose បានរៀបរាប់លម្អិតពីលទ្ធផល នៃការរកឃើញរបស់ពួកគេ ស្តីពីមធ្យោបាយយ៉ាងងាយស្រួល និងគួរឲ្យព្រួយបារម្ភ នៃការរីករាតត្បាតនៃជំងឺគ្រុនផ្តាសាយធំ តាមរយៈការដកដង្ហើម នៅក្នុងការសិក្សាមួយរបស់ពួកគេ។
ការសិក្សាស្រាវជ្រាវតម្លៃ១០ពាន់លានដុល្លារខាងលើនេះ បានបង្ហាញថា មនុស្សមួយចំនួនអាចដកដង្ហើម ឬក៏ខ្អកចេញនូវភាគល្អិតតូចៗនៃវីរុស ដែលមានគ្រោះថ្នាក់ខ្ពស់បំផុត រហូតដល់ ១,០០០ភាគល្អិត ក្នុងពេលត្រឹម ៣០នាទីប៉ុណ្ណោះ។ នៅពេលដែលយើងគិតថា ការចម្លងជំងឺនេះត្រូវការតែភាគល្អិតនៃវីរុសមួយភាគល្អិតប៉ុណ្ណោះនោះមានន័យថា មនុស្សចំនួន ១,០០០នាក់ អាចឆ្លងជំងឺនេះបានក្នុងរយៈពេលដ៏ខ្លី ជាពិសេសនៅតាមកន្លែងដែលមានមនុស្សនៅផ្តុំគ្នា ដូចជាក្នុងអគារជាដើម។
គួរជម្រាបថា ចាប់តាំងពីខែតុលាឆ្នាំទៅ ប្រភេទជំងឺគ្រុនផ្តាសាយធំដ៏ខ្លាំងមួយហៅថា H3N2 បាននិងកំពុងវាយលុកក៏ដូចជារីករាតត្បាតទូទាំងរដ្ឋរបស់អាមេរិក លើកលែងតែរដ្ឋហាវ៉ៃ ដែលស្ថិតនៅឯនាយសមុទ្រ ហើយមនុស្សមួយចំនួនបានស្លាប់បាត់បង់ជីវិត ដោយសារតែការទទួលការពន្យាបាល មិនបានទាន់ពេលវេលា៕