(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយជាសាធារណៈថា សហរដ្ឋអាមេរិកបាននិងកំពុងប្រឈមមុខ នឹងការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី និងចិន ដែលកំពុងព្យាយាមបង្កើតពិភពលោកមួយ ឱ្យស្របទៅតាមគំរូផ្ដាច់ការរបស់ពួកគេ ហើយថែមទាំងបញ្ជាក់ដែរថា ពីពេលនេះតទៅសន្តិសុខជាតិអាមេរិក លែងផ្ដោតសំខាន់លើ ពួកភេរវករទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
លោក James Mattis ថ្លែងបែបនេះនាឱកាសធ្វើបទបង្ហាញ ពីយុទ្ធសាស្ត្រការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ លោក Mattis បានបញ្ជាក់ចំៗតែម្ដងថា ចិន និងរុស្ស៊ី គឺជាមេគ្រោះសម្រាប់អាមេរិក ប៉ុន្តែលោកហាក់ដូចជាផ្ដោតខ្លាំងលើរុស្ស៊ីច្រើនជាង ដោយអះអាងថា រុស្ស៊ីកំពុងព្យាយាមគំរាមកំហែងដល់ លិទ្ធិប្រជាធិបតេយ្យ។
«បើសិនជា អ្នកចង់ប្រជែងជាមួយយើង នោះវានឹងក្លាយជាថ្ងៃដ៏អាក្រក់របស់អ្នក»។ នេះគឺជាសារព្រមានរបស់ លោក Mattis ផ្ញើជូនទីក្រុងម៉ូស្គូ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីការពារជាតិអាមេរិក រូបនេះក៏បានអំពាវនាវផងដែរឱ្យសភា ជៀសវាងការកាត់បន្ថយ និងផ្ដល់កញ្ចប់ថវិកាឱ្យបានគ្រប់គ្រាន់ដល់វិស័យយោធា ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ១០ភាគរយ ឬស្មើនឹងជាង ៥៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨នេះ។
គួរបញ្ជាក់ថា ជម្លោះបច្ចុប្បន្នដែលក្រុមអ្នកជំនាញមើលឃើញថា អាចនឹងឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ី ប្រឈមមុខដាក់គ្នាដោយផ្ទាល់ គឺវិបត្តិនៅភាគខាងកើតប្រទេសអ៊ុយក្រែន និងសង្រ្គាមនៅស៊ីរី។ ចំណែកឯជាមួយចិន គឺវិបត្តិនៅសមុទ្រចិនខាងកើត កូរ៉េខាងជើង និងសមុទ្រចិនខាងត្បូង៕