(វ៉ាស៊ីនតោន)៖ ឈានចូលដល់ឆ្នាំ២០១៨នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចំណាយពេល ២០ឆ្នាំ និងថវិកាចំនួន ១០០ពាន់លានដុល្លារ ហើយទៅលើស្ថានីយអវកាសអន្តរជាតិ ISS ប៉ុន្តែនៅប៉ុន្មានឆ្នាំខាងមុខទៀត បញ្ហារាំងស្ទះដ៏ធំមួយ ទំនងមិនអាចជៀសផុតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Business Insider នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
បើតាមការផ្តល់សក្ខីកម្មពីមន្រ្តីរដ្ឋាភិបាលអាមេរិក នាសប្តាហ៍នេះ នាពេលអនាគតដ៏ខ្លីខាងមុខ អវកាសយានិកប្រហែលជាលែងមានមធ្យោបាយ ដើម្បីធ្វើដំណើរឡើងទៅ និងចុះមកពី មន្ទីរពិសោធន៍ទំហំប៉ុនទីលានបាល់ទាត់ ឬបាល់ឱបមួយ ដែលស្ថិតនៅលើលំហអាកាសនេះទៀតហើយ។
អង្គការ NASA បានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing និងក្រុមហ៊ុនអវកាសឯកជន SpaceX ដើម្បីអភិវឌ្ឍន៍មធ្យោបាយថ្មី ដែលមានសុវត្ថិភាព និងធូរថ្លៃជាងមុន សម្រាប់ជំនួសឲ្យកម្មវីធីយាន Space Shuttle របស់ខ្លួន ដែលបានចូលនិវត្តន៍កាលពីខែកក្កដា ឆ្នាំ២០១១។ កិច្ចសន្យាដើមនាពេលនោះ បានតម្រូវឲ្យមានការដឹកជញ្ជូនក្រុមអវកាសយានិកទៅមកជាធម្មតា នៅចុងឆ្នាំ២០១៧ ប៉ុន្តែដូចដែលយើងបានឃើញ វាពុំបានកើតមានឡើងឡើយ។
ដើម្បីបំពេញចន្លោះខ្វះខាតនេះ ខណៈដែលក្រុមហ៊ុនទាំង០២ បន្តអភិវឌ្ឍន៍យានអវកាសឲ្យខ្លួន អង្គការ NASA ក៏បានទិញកៅអីធ្វើដំណើរនៅលើយានអវកាស Soyuz របស់ប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន។ ប៉ុន្តែការពន្យាពេលជាច្រើនលើករបស់ Boeing និង SpaceX បានបង្ខំឲ្យ NASA បន្តពឹងផ្អែកទៅលើយានអវកាសរបស់រុស្ស៊ី។ យ៉ាងណាមិញ សូម្បីតែជម្រើសនេះ នាពេលឆាប់ៗខាងមុខ ក៏ទំនងជានឹងពុំអាចអាស្រ័យបានទៀតនោះដែរ។
ថ្លែងនៅចំពោះមុខអនុគណៈកម្មាធិការ នៃគណៈកម្មាធិការវិទ្យាសាស្រ្ត អវកាស និងបច្ចេកវិទ្យា នៃសភាតំណាងរាស្រ្តអាមេរិក លោក William Gerstenmaier ដែលជាប្រធានផ្នែកនៅទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថា សមត្ថភាពរបស់យាន Soyuz គឺអាចបន្តប្រើប្រាស់រហូតដល់រដូវស្លឹកឈើជ្រុះ (ចន្លោះខែមីនា និងខែឧសភា) នៃឆ្នាំ២០១៩ប៉ុណ្ណោះ។
ដូច្នេះមានន័យថា ប្រសិនបើដល់ចុងឆ្នាំ២០១៩ហើយ ក្រុមហ៊ុន Boeing នៅតែមិនទាន់អាចបញ្ជាក់ពីសុវត្ថិភាពពេញលេញទាំងស្រុង នៃយានអវកាស CST-100 Starliner របស់ខ្លួន ឬក្រុមហ៊ុន SpaceX មិនអាចបញ្ជាក់ពីសុវត្ថិភាពនៃយាន Dragon ទេនោះ ក្រុមអវកាសយានិក ប្រហែលជាពុំមានលទ្ធភាពអ្វីផ្សេង ដើម្បីឡើងទៅកាន់ស្ថានីយ ISS បានឡើយ ហើយសម្រាប់អំឡុងពេលយូរប៉ុណ្ណោះ ក៏ពុំមាននរណាម្នាក់អាចកំណត់បាននោះដែរ។
គួរជម្រាបថា ស្ថានីយ ISS បច្ចុប្បន្នត្រូវបានបញ្ចប់ការសាងសង់ រួចរាល់ជាស្ថាពរទាំងស្រុងហើយ និងស្ថិតក្នុងដំណាក់កាលប្រតិបត្តិការ ដ៏ប្រសើរបំផុតថែមទៀត សម្រាប់ធ្វើការសិក្សាចំពោះឥទ្ធិពល នៃការធ្វើដំណើរក្នុងទីអវកាស ទៅលើរូបរាងកាយមនុស្ស ដែលវាពិតជាល្អមែនទែន ដើម្បីជួយដល់ការរស់រានមានជីវិត របស់ក្រុមអវកាសយានិក នៅក្នុងបេសកកម្មផ្សេងៗ នាពេលខាងមុខ ទៅកាន់ឋានព្រះច័ន្ទ ភពអង្គារ (Mars) និងកន្លែងដទៃៗទៀត៕