(ប៊ែរឡាំង)៖ អាជា្ញធរអាល្លឺម៉ង់បានឱ្យដឹងថា ខ្យល់ព្យុះហឺរីខិនឈ្មោះ ហ្វ្រីដឺរីក (Friederike) បានសម្លាប់មនុស្ស ០៨នាក់ និងបង្កជាការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអាល្លឺម៉ង់ គិតជាទឹកប្រាក់រាប់រយលានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាល្លម៉ង់ ជនរងគ្រោះទាំង ០៨នាក់ នោះរួមមានទំាងអ្នកពន្លត់អគ្គីភ័យពីរនាក់ ត្រូវបានរាយការណ៍ថា បានស្លាប់កាលពីថ្ងៃសុក្រ នៅក្នុងរដ្ឋ ណតរ៉ាញ (North-Rhine) វែសផាលៀ (Westphalia), សឺរីងហ្គា (Thuringia), សាហ្សូនី អានហាល (Saxony-Anhalt), ម៉េក្លេនប៊ឺហ្គ (Mecklenburg-Vorpommern) និង រដ្ឋ ប្រែនឌិនបឺហ្គ (Brandenburg) ខណៈមនុស្សជាច្រើននាក់បានរងរបួស ដោយសារដើមឈើ រំលំសង្កត់ជាដើម។
ចំណែកឯក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ GDV ក៏បានវាយតម្លៃដែរថា ខ្យល់ព្យុះ Friederike បានបង្កបំផ្លិចបំផ្លាញ និងបង្កជាការខូចខាតគិតជាទឹកប្រាក់ស្មើនឹងជាង ៥០០លានអឺរូ ឬ ៦១២លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ខ្យល់ព្យុះ Friederike ដែលបក់បោកក្នុងល្បឿន ២០៣គីឡូម៉ែត្រក្នុងមួយម៉ោង ក៏បានផ្ដាច់យកអាយុជីវិតមនុស្ស និងបង្កជាការខូចខាត ធ្ងន់ធ្ងរផងដែរនៅប្រទេសប៊ែលហ្សិក និងហូឡង់៕