(វ៉ាស៊ីនតោន)៖ អតីតអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសស៊ីរី ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោក Peter Ford បាននិយាយថា សហរដ្ឋអាមេរិកទំនងជាកំពុងប្រើប្រាស់ផែនការ បង្កើតកងកម្លាំងឃើដការពារព្រំដែនស៊ីរី ជាហេតុផលមួយដើម្បីរក្សាវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី។ លោក Ford ថ្លែងបែបនេះ ក្រោយមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Sputnik លោក Peter Ford បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ស័យថា អ្វីដែលកំពុងកើតឡើង គឺជាការគិតរបស់ក្រសួងការបរទេស អាមេរិក ដែលកំពុងត្រូវការហេតុផលជាច្រើន ដើម្បីរក្សាវត្តមានទីប្រឹក្សា និងយោធាអាមេរិកនៅក្នុងតំបន់ គ្រប់គ្រងដោយក្រុមឧទ្ទាមឃើដក្នុងប្រទេសស៊ីរី បើទោះជាបច្ចុប្បន្នពួក ISIS ជាង ៩៩ភាគរយ ត្រូវបានបោសសំអាតក៏ដោយ។
ចំណែកឯចំណុចជាក់លាក់ អាចបង្ហាញពីគំនិតបែបនេះ គឺនៅត្រង់គំរោងជួយដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនដែលទីក្រុងវ៉ាស៊ីនតោនផ្ទាល់កំពុងគាំទ្រ និងដាក់ឱ្យពួកគេធ្វើជាឆ្មាំការពារតំបន់ព្រំដែន... ក៏ប៉ុន្តែសហរដ្ឋអាមេរិកភ្លេចគិតពីប្រទេសតួកគី»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលតួកគីបានព្រមានថា ខ្លួននឹងមិនរារែកឡើយ ក្នុងការធ្វើសកម្មភាពនៅក្នុងតំបន់ អាល់ហ្វ្រីន (Afrin) និងតំបន់ដទៃទៀតនៃប្រទេសស៊ីរី រហូតទាល់តែសហរដ្ឋអាមេរិក បញ្ឈប់ការគំាទ្រកងកម្លាំងឃើដ។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានច្រានចោលរាល់ការចោទថា ខ្លួនមានផែនការបង្កើតកងកម្លាំងឃើដមួយនៅស៊ីរី ដោយអះអាងថា មនុស្សមួយចំនួនបាននិយាយខុសពីការពិត៕