(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ យ៉ាងខ្លាំងសម្រាប់ការអំពាវនាវឱ្យមាន ការបង្កើនការដាក់ទណ្ឌកម្ម និងសម្ពាធប្រឆាំងនឹង កូរ៉េខាងជើង ដែលកំពុងដើរលើផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាមួយកូរ៉េខាងត្បូង។ នេះបើតាម KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA តាមរយៈការដកស្រង់សម្ដីពីអ្នកនាំពាក្យវិទ្យាស្ថាន សម្រាប់ការសិក្សាពីប្រទេសជប៉ុន នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅអំឡុងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអឺរ៉ុបមួយចំនួននាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានកត់សម្គាល់ និងពិភាក្សាទ្វេភាគីស្តីពីការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងបញ្ហាចាប់ជំរិតជនជាតិជប៉ុន គ្រប់ពេលវេលាជាមួយបណ្ដាប្រទេសអឺរ៉ុបទាំងនោះ។
KCNA បន្ថែមថា ការអំពាវនាវរបស់លោក អាបេ គឺជាការបង្កើតបរិយាកាសដាក់សម្ពាធ ប្រឆាំងនឹងកូរ៉េខាងជើងនៅឯបរទេស ចំពេលដែលលោក កំពុងដឹកនាំប្រទេសជប៉ុនទាំងមូល ធ្លាក់ចូលក្នុងភាពភ័យខ្លាចនៃសង្រ្គាម តាមរយៈការកែប្រែរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ បានចោទប្រកាន់ទីភ្នាក់ងារចារកម្មកូរ៉េខាងជើងថា បានចាប់ជំរិតជនជាតិជប៉ុនជាច្រើននាក់ នៅអំឡុងឆ្នាំ១៩៧០ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធ។ ជាងនេះទៅទៀត បើទោះជាទីក្រុងព្យុងយ៉ាង យល់ព្រមជួបចរចាជាមួយទីក្រុងសេអ៊ូល ជាបន្តបន្ទាប់ក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានអះអាងថា កូរ៉េខាងជើងកំពុងប្រើប្រាស់កិច្ចសន្ទនា ដើម្បីបង្វែងការចាប់អារម្មណ៍ និងបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនតែប៉ុណ្ណោះ ខណៈទីក្រុងវ៉ាស៊ីនតោនថា របបកុម្មុយនីស្ដឯកោមួយនេះ អាចនឹងបាញ់សាកល្បងមីស៊ីលជាថ្មីម្ដងទៀត៕