(ដាម៉ាស់)៖ ក្រោយមានការព្រមានជាបន្តបន្ទាប់ពីតួកគី នៅពេលនេះដល់វេនស៊ីរីវិញម្ដង ដែលជាអ្នកចេញមុខព្រមានទីក្រុងអង់ការ៉ាចំៗថា នឹងបាញ់ទម្លាក់រាល់យន្ដហោះចម្បាំងតួកគីហោះចូលក្នុងដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ប្រតិកម្មខ្លាំងៗរបស់រដ្ឋាភិបាលស៊ីរី ធ្វើឡើងជាការឆ្លើយតបនឹងរដ្ឋាភិបាលតួកគី ដែលបានព្រមានថា នឹងដឹកនាំប្រតិបតិ្តការយោធាកម្ទេចក្រុមឧទ្ទាមឃើដ YPG នៅក្នុងតំបន់ Afrin នៃភាគខាងជើងប្រទេសស៊ីរី ក្បែរព្រំដែនតួកគី។ មួយវិញទៀត ការព្រមានរបស់តួកគីទៀតសោត កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនមានបំណងជួយដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំក្រុមឧទ្ទាមឃើដ YPG បង្កើតកងកម្លាំងព្រំដែនមួយមានគ្នាជាង ៣០,០០០នាក់ នៅតាមបណ្ដោយព្រំដែនតួកគី-ស៊ីរី។
ប៉ុន្តែសេចក្ដីរាយការណ៍នេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ច្រានចោលដោយថា វាជារឿងមិនពិត។ យ៉ាងណាក៏ដោយ នៅក្នុងសម្រង់សម្ដីមួយរបស់ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA លោកអនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal al-Mikdad បានព្រមានយ៉ាងដូច្នេះថា «យើងសូមព្រមានថា កងកម្លាំងស៊ីរីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់ទម្លាក់យន្ដហោះចម្បាំងតួកគី ដែលហោះចូលក្នុងដែនអាកាសស៊ីរី... ហើយយើងក៏ព្រមានដល់មេដឹកនាំតួកគីដែរថា បើសិនជាពួកគេចាប់ផ្ដើមធ្វើសង្រ្គាម នៅក្នុងតំបន់ Afrin នោះមានន័យថា វាគឺជាសកម្មភាពឈ្លានពានដោយតួកគី ប្រឆាំងនឹងដែនអធិបតេយ្យភាពស៊ីរី។ ប៉ុន្តែបើការឈ្លានពាននេះកើតឡើងមែន វាក៏នឹងមិនមែនក្លាយជាការដើរកំសាន្ត សម្រាប់តួកគីដែរ»។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមឃើដ YPG ដែលត្រូវបានតួកគីចាត់ទុកថា ជាក្រុមភេរវករ បានក្លាយជាកងកម្លាំងប្រយុទ្ធ នៅលើដីក្នុងប្រទេសស៊ីរី សម្រាប់សហរដ្ឋអាមេរិក ដែលត្រូវបានបណ្ដុះបណ្ដាល បំពាក់អាវុធ និងគាំទ្រកងកម្លាំងមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួក ISIS ខណៈបច្ចុប្បន្នកងកម្លាំងឃើដ កំពុងគ្រប់គ្រងជិត ២៥ភាគរយ នៃទឹកដីស៊ីរី៕