(វ៉ាស៊ីនតោន)៖ ការផ្ដល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក ពីសំណាក់ប្រធានក្រុមហ៊ុនស្រាវជ្រាវឈ្មោះ Fusion GPS បានបញ្ជាក់ថា ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុន Trump Organization ឱ្យពលរដ្ឋរុស្ស៊ីអាចមានជាប់ពាក់ព័ន្ធ នឹងការលាងលុយកខ្វក់។ នេះបើតាមលោក Adam Schiff ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
យោងតាមលោក អាដាម ស្គីហ្វ (Adam Schiff) ជាអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យ មកពីគណៈកម្មាធិការស៊ើបអង្កេត នៃសភាអាមេរិក ការអះអាងខាងលើធ្វើឡើងដោយផ្អែកលើ ការចេញផ្សាយនូវសេចក្ដីចម្លងមួយ នៃកិច្ចសម្ភាសន៍បិទទ្វារកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Fusion GPS លោក ក្លេន ស៊ីមសុន (Glenn Simpson) ដែលជាអ្នកជួលឱ្យអតីតទីភ្នាក់ងារស៊ើបអង្កេតអង់គ្លេសម្នាក់ ស្រាវជ្រាវពីទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរុស្ស៊ី ព្រមទាំងផលិតឯកសារមួយផងដែរ។
លោក Adam បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «សេចក្ដីចម្លងទាំងនោះ បានបង្ហាញពីការចោទប្រកាន់ជាច្រើនថា Trump Organization អាចមានជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ជាមួយពលរដ្ឋរុស្ស៊ី»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Fusion GPS បានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការលក់ខុនដូររបស់ក្រុមហ៊ុន Trump Organization នៅក្នុងទីក្រុង New York, Miami, Panama City និង ទីក្រុង Toronto។ នេះបើតាមលោក Glenn Simpson ប៉ុន្តែ Trump Organization បានបដិសេធដោយចាត់ទុកថាវា គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន ខណៈសមាជិកសភាអាមេរិកម្នាក់ទៀត មកពីបក្សប្រជាធិតេយ្យគឺ លោក Jim Hines ក៏បាននិយាយដែរថា លោក Simpson មិនបានផ្ដល់ភស្ដុតាងជាក់លាក់៕