(ព្រុចសែល)៖ ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប (EU) មានសារៈសំខាន់ខ្លាំងបំផុត នៅក្នុងយុគសម័យនៃប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈដែលរដ្ឋបាលអាមេរិក កំពុងប្រកាន់ខ្ជាប់នូវគោលការណ៍ តម្កល់ផលប្រយោជន៍អាមេរិកជាធំ ហើយដកខ្លួនឃ្លាតឆ្ងាយពីភាពជាអ្នកដឹកនាំ នៃសេដ្ឋកិច្ចសកល។ នេះបើតាមការលើកឡើងដោយក្រុមអ្នកជំនាញអឺរ៉ុប ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ក្រុមអ្នកវិភាគអឺរ៉ុបបានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និយាយឲ្យសាមញ្ញទៅ គឺមានភាពមិនប្រាកដប្រជាខ្លាំង ដែលពិបាកគួរឲ្យទុកចិត្តបាន ហើយកំពុងតែឆ្ពោះទៅរក ការតម្កល់ផលប្រយោជន៍អាមេរិកជាធំថែមទៀត។ ហេតុដូច្នេះហើយ សហភាពអឺរ៉ុប និងចិន ត្រូវតែចាប់ដៃគ្នា ដើម្បីមើលថែទាំទៅលើបញ្ហាសកលលោក ហើយព្យាយាមរក្សាពិភពលោក ឲ្យស្ថិតនៅលើគន្លងផ្លូវតាមបែបពហុភាគី។
បើតាមការលើកឡើងរបស់អ្នកជំនាញៗខាងលើ ទំនាក់ទំនងចិន-អឺរ៉ុប គឺជាទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិនិយោគដ៏សំខាន់បំផុតមួយ នៅលើពិភពលោក ដែលមានឥទ្ធិពលជាខ្លាំង ទៅលើស្ថានភាពសេដ្ឋកិច្ចសកល។ ប្រសិនណា ទំនាក់ទំនងនៃភាគីទាំងពីរ មានលក្ខណៈមិនល្អទេនោះ អ្នករាល់គ្នានឹងទទួលរងគ្រោះ តែផ្ទុយទៅវិញប្រសិនបើទំនាក់ទំនងនោះ មានការរីកចម្រើនលូតលាស់ យើងទាំងអស់គ្នា នឹងទទួលបានអត្ថប្រយោជន៍ទៅតាមនោះដែរ។
មតិដដែលបានបន្ថែមទៀតថា ដោយឥឡូវគោលការណ៍គាំពារនិយម កំពុងតែកើនឡើង ហើយសហរដ្ឋអាមេរិក កំពុងដកខ្លួនឃ្លាតឆ្ងាយពីភាពជាអ្នកដឹកមុខ នៃសេដ្ឋកិច្ចសកល និងការបើកទូលាយ ការថែរក្សាការពារប្រព័ន្ធធ្វើពាណិជ្ជកម្មសេរី គឺជារឿងកាន់តែសំខាន់បំផុត។ ដូច្នេះហើយ វាអាស្រ័យទៅលើតែចិន និងអឺរ៉ុបប៉ុណ្ណោះ ក្នុងការការពារប្រព័ន្ធនេះ។
គួរជម្រាបថា ខណៈដែលសហរដ្ឋអាមេរិក បាននិងកំពុងធ្វើឲ្យប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន មានការមិនពេញចិត្តជាខ្លាំង ដោយសារតែគោលនយោបាយ នៅក្រោមរដ្ឋបាលដឹកនាំរបស់ លោក ដូណាល់ ត្រាំ នោះ គេសង្កេតឃើញថា ចិនបានងាកមកផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើចំណងទាក់ទងរវាងខ្លួន ហើយនិងសហភាពអឺរ៉ុប ដែលសុទ្ធសឹងតែជាមហាយក្សសេដ្ឋកិច្ច តាមទ្វីបរៀងៗខ្លួន៕