(រីយ៉ូ)៖ ទារិកាវ័យ ០៨ខែម្នាក់ បានបាត់បង់ជីវិតគួរឲ្យសង្វេគបំផុត រួមទាំងមនុស្ស ១៥នាក់ ទៀតបានទទួលរងរបួស នៅពេលដែលរថយន្តមួយគ្រឿង បានបោះពួយសំដៅទៅបុកហ្វូងមនុស្សយ៉ាងច្រើនកុះករ នៅតំបន់ជាប់ឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុង Rio de Janeiro ខណៈអាជ្ញាធរប្រេស៊ីលបានឲ្យដឹងជាបឋមថា អ្នកបើកបររថយន្តអាចមានជំងឺឆ្កួតជ្រូក ហើយបាត់បង់ការបញ្ជាគ្រប់គ្រងលើយានជំនិះរបស់ខ្លួន ទើបបង្កជាគ្រោះថ្នាក់ខាងលើនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
រថយន្តខាងលើ បានបោះពួយឡើងលើចិញ្ចើមផ្លូវនៃឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុងរីយ៉ូ (Rio de Janeiro) នាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) ហើយអ្នកដំណើរថ្មើរជើង ក៏ត្រូវបានបុកឲ្យដួល ខណៈអ្នកបើកបរបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានឃាត់ជាប់។ បើតាមអាជ្ញាធរប្រេស៊ីល មនុស្សយ៉ាងតិច ១៥នាក់ បានរងរបួស ធ្ងន់ និងស្រាល ហើយនៅក្នុងនោះមានទាំងកុមារ និងជនពេញវ័យ ដែលពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។
ដោយឡែក ទារិកាម្នាក់អាយុត្រឹម ០៨ខែ ប៉ុណ្ណោះឈ្មោះ Maria បានបាត់បង់ជីវិត ដោយសារតែរបួសធ្ងន់ធ្ងរ និងវ័យក្មេងខ្ចីពេក ក្រោយពីត្រូវគេព្យាយាមជួយសង្រ្គោះ ដោយពុំបានជោគជ័យជាច្រើនលើក។
គួរជម្រាបថា បើតាមប៉ូលិសប្រចាំតំបន់ អ្នកបើកបររថយន្តស៊េរី Hyundai i30 ពណ៌ខ្មៅខាងលើ បានបើកបំបុកចូលទៅក្នុងក្រុមមនុស្ស ក្រោយពីសង្ស័យអាចមានអាការៈប្រកាច់ឆ្កួតជ្រូក ហើយរថយន្តបានឈប់ស្ងៀម ក្រោយពីសម្រុកដល់ដីខ្សាច់ នៃឆ្នេរសមុទ្រដ៏ល្បីល្បាញលើពិភពលោកនេះទៅហើយ។ អាជ្ញាធរត្រូវបានគេរាយការណ៍ថា បានរកឃើញប្រអប់ថ្នាំពេទ្យមួយ នៅក្នុងរថយន្ត ដែលបង្ហាញថា អ្នកបើកបររូបនោះមានជំងឺឆ្កួតជ្រូក។ យ៉ាងណាមិញ បុរសដែលជាអ្នកបើកបរ ត្រូវបាននាំយកទៅធ្វើការវិនិច្ឆ័យតាមបែបវិជ្ជសាស្រ្តហើយ៕