(វ៉ាស៊ីនតោន)៖ មន្រ្តីគណបក្សប្រជាធិបតេយ្យនៅសភាអាមេរិក បានព្រមានសេតវិមានថា សូម្បីតែការវាយប្រហារក្នុងទ្រង់ទ្រាយតូច និងមានដែនកំណត់មួយក៏ដោយ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង វាទំនងជានឹងឈានទៅដល់ ការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំពេញទំហឹង ដែលបង្កឲ្យមានមនុស្សរងគ្រោះ យ៉ាងច្រើនក្រាសក្រែលបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
សម្តីព្រមានគួរឲ្យព្រឺឆ្អឹងខ្នងខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រមុខការទូតអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានប្រើសម្តីគំរាមពីការវាយប្រហារក្នុងលក្ខណៈបែបនេះ ទៅលើកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង នៅតែមិនទម្លាក់អាវុធនុយក្លេអ៊ែររបស់ពួកគេចុះ។ ក្រុមមន្រ្តីខាងលើ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «វាគ្មាននោះឡើយការវាយប្រហារបែបនេះ... មិនថាអ្នកប្រើប្រាស់មីស៊ីល-នុយក្លេអ៊ែរ ឬក៏អត់ឡើយ អ្នកនឹងទទួលបាន ចំនួនជនស៊ីវិលក៏ដូចជាកងទ័ពរងរបួស ព្រមទាំងបាត់បង់ជីវិតយ៉ាងរង្គាលជាក់ជាពុំខាន»។
គួរជម្រាបថា ក្រៅពីកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលកំពុងវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័សរបស់ខ្លួន កូរ៉េខាងជើងត្រូវគេជឿជាក់ថា មានអាវុធជីវសាស្រ្ត និងអាវុធគីមីចន្លោះពី ២,៧០០តោន ទៅ ៥,៥០០តោន ហើយបើតាមការប៉ាន់ស្មាន តាំងតែពីឆ្នាំ២០១១មកម្ល៉េះនោះ ប្រទេសកុម្មុយនិស្តឯកោមួយនេះ អាចមានឃ្លាំងស្តុកនៃអាវុធដ៏គ្រោះថ្នាក់បែបនេះ ធំជាងគេលំដាប់ទីបី នៅលើពិភពលោក។
លើសពីនេះទៀត កូរ៉េខាងជើងក៏មានសព្វាវុធធុនល្មមៗក្នុងចំនួនយ៉ាងច្រើនទៀតផង ហើយអាវុធទាំងនោះ ភាគច្រើនត្រូវបានដាក់ពង្រាយជាស្រេច នៅក្បែរនឹងព្រំប្រទល់ជាមួយប្រទេសកូរ៉េខាងត្បូង។ ទោះបីជាការអះអាងនេះ មានភាពចម្រូងចម្រាសក៏ដោយ ប្រភពមួយចំនួនពីយោធាមានជំនឿជឿជាក់ថា កងកាំភ្លើងធំរបស់កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារយ៉ាងចាស់ដៃ ស្រោចទៅលើទីក្រុងសេអ៊ូល ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែននៃប្រទេសទាំងពីរ មុនយោធាអាមេរិក ឬក៏យោធាកូរ៉េខាងត្បូង អាចតដៃបានទៅទៀត ហើយសូមចាំថា មនុស្សប្រមាណ ២៥លាននាក់ ពោលគឺជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប នៃកូរ៉េខាងត្បូងទាំងមូល កំពុងរស់នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះ។
គួរបញ្ជាក់ផងដែរថា ការគំរាមវាយប្រហារពីរដ្ឋមន្រ្តីការបរទេសអាមេរិក និងការព្រមានពីលទ្ធផលនៃការធ្វើយ៉ាងដូច្នោះ ដោយសមាជិកសភាអាមេរិក បានកើតមានឡើង ខណៈដែលបងប្អូនកូរ៉េទាំងពីរ គឺខាងជើង និងខាងត្បូង កំពុងស្តារចំណងទាក់ទងវិជ្ជមានរវាងគ្នា និងគ្នាឡើងវិញ តាមរយៈការបង្កើតកិច្ចពិភាក្សា និងធ្វើកិច្ចសហប្រតិបត្តិការ ជុំវិញព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីកូរ៉េខាងត្បូង ចាប់ពីខែកុម្ភៈ ដល់ខែមីនា៕