(ប៉េកាំង)៖ អាកាសចរណ៍ចិន China Eastern Airlines និង Hainan Airlines បានចាប់ផ្តើមការអនុញ្ញាតថ្មីមួយ នោះគឺអ្នកដំណើរទាំងអស់ អាចប្រើប្រាស់ទូរស័ព្ទដៃ-ស្មាតហ្វូន គ្រឿងអេឡិចត្រូនិកចល័តផ្សេងៗ ដើម្បីភ្ជាប់ទៅកាន់ Wifi រួចលេងកម្សាន្តដោយសេរី អំឡុងពេលយន្តហោះកំពុងដំណើរការហោះហើរ ប៉ុន្តែគ្រឿងអេឡិចត្រូនិកទាំងនោះ ត្រូវតែដាក់ Flight Mode ជាកំហិត (មុខងារបិទសេវាស៊ីមកាត ពេលហោះហើរ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
អាកាសចរណ៍ខាងលើនេះ ក៏បានបន្ថែមទៀតផងដែរថា សេវា Wifi អាចរកបាននៅលើយន្តហោះចំនួន ៧៥គ្រឿង របស់អាកាសចរណ៍ China Eastern Airlines ដែលធ្វើដំណើរទៅអន្តរជាតិ និង ១៦៦គ្រឿង ទៀតដែលធ្វើដំណើរនៅក្នុងស្រុក។ ដោយឡែកសម្រាប់អាកាសចរណ៍ Hainan Airlines វិញ គឺបានអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធ Wifi នៅលើជើងហោះហើររបស់ខ្លួនចំនួន ១៧។
គួរបញ្ជាក់ថា អាកាសចរណ៍របស់ចិនមួយចំនួនទៀត ក៏កំពុងពិចារណាអនុវត្តន៍ការបើកទូលាយដូចខាងលើនេះដែរ ក្រោយពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន CAAC ត្រូវបានស្នើសុំឲ្យដកបម្រាមនេះចេញ កាលពីដើមសប្តាហ៍នេះ។ សម្រាប់ការប្រើប្រាស់គ្រឿងអេឡិចត្រូនិកចល័តគ្រប់ប្រភេទ គឺតែងតែត្រូវបានហាមឃាត់ នៅលើរាល់ជើងហោះហើរទាំងអស់នៅទូទាំងសកលលោក ដោយយោងលើកត្តាសុវត្ថិភាពជាចម្បង ជាពិសេសនៅអំឡុងពេលនៃការហោះឡើង និងចុះចតនៃយន្តហោះនីមួយៗ៕