(វ៉ាស៊ីនតោន)៖ កងកម្លាំងឆ្មាំការពារដែរសមុទ្រអាមេរិក កំពុងស្វែងរកជាលើកដំបូង នូវការបំពាក់គ្រាប់មីស៊ីល នៅលើនាវាបំបែកទឹកកក ដែលកំពុងធ្វើប្រតិបត្តិការនៅឯតំបន់មហាសមុទ្រ អាក់ទិក ខណៈទីក្រុងវ៉ាស៊ីនតោន ត្រូវបានទីក្រុងមូស្គូ មើលឃើញថា កំពុងអភិវឌ្ឍន៍សមត្ថភាពយោធារបស់ខ្លួន ត្រៀមសម្រាប់សង្រ្គាមក្នុងដែនទឹកដ៏ត្រជាក់ជាងគេបំផុតនៅក្នុង ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ជុំវិញផែនការនេះដែរ បើតាមសារព័ត៌មាន Washington Times មេបញ្ជាការកងឆ្មាំសមុទ្រអាមេរិក លោក ផូល ហ្ស៊ូគុន (Paul Zukunft) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនពិតជាកំពុងស្វែងរក ការអភិវឌ្ឍសមត្ថភាពនាវាបំបែកទឹកកករបស់ខ្លួន ជាមួយការបំពាក់គ្រាប់មីស៊ីលពិតមែន។ «យើងត្រូវតែសំឡឹងមើលពីភាពខុសគ្នា នូវអ្វីដែលនាវាបំបែកទឹកកកបាននិងកំពុងធ្វើ ពីព្រោះពិតណាស់យើងត្រូវការវា ដើម្បីរក្សាទីតាំង ទម្ងន់ និងឥទ្ធិពល របស់យើង»។ នេះជាការលើកឡើងរបស់ លោក Zukunft។
មេបញ្ជាការឆ្មាំដែនសមុទ្រអាមេរិកខាងលើនេះ ក៏បានបន្ថែមទៀតដែរថា សហរដ្ឋអាមេរិកគួរតែបំពាក់គ្រាប់មីស៊ីល នៅលើនាវាបំបែកទឹក ខណៈពិភពលោកត្រូវបានគេរំពឹងថា អាចនឹងមានការផ្លាស់ប្ដូរពី ០៥ ឬ ១៥ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួន រុស្ស៊ីដែលមានឆ្នេរសមុទ្រជាប់មហាសមុទ្រអាទិកធំជាងគេ ក៏កំពុងធ្វើប្រតិបត្តិការក្នុងតំបន់ដ៏ត្រជាក់នេះដែរ ដោយមាននាវាបំបែកទឹកកកចំនួន ៤០គ្រឿង។ ទីតាំងសមុទ្រទឹកកកអាក់ទិក ត្រូវបានចាត់ទុកជាតំបន់សំបូរដោយធនធានរ៉ែច្រើនលើសលប់ ដែលពីមុនសហរដ្ឋអាមេរិកគ្មានដែនទឹកនៅទីនោះឡើយ ប៉ុន្តែក្រោយពីរុស្ស៊ីលក់កោះ អាឡាស្កា ឲ្យអាមេរិកនោះ អាមេរិក និងកាណាដា ដែលជាសម្ព័ន្ធមិត្តមានព្រំដែនសមុទ្របូកចូលគ្នា ក៏ធំធេងណាស់ដែរ៕
\http://www.nationaldefensemagazine.org/-/media/sites/magazine/2017/04/1743804_878.ashx?h=500&w=878&la=en&hash=0F0D5C0E7619F7F9F6CF13F3817A450E4FB73E83