(កាណាដា)៖ ស្រ្តីកាណាដាម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ០៧ឆ្នាំ ពីបទសម្លាប់មិត្តភក្តិរបស់ខ្លួន បន្ទាប់ពីប៉ូលិសបានរកឃើញវត្ថុតាងប្រើប្រាស់ក្នុងអំពើមនុស្ស ឃាតនេះនៅក្នុងរូបភាពមួយសន្លឹករបស់អ្នកទាំងពីរ ថតកាលពីមិត្តភក្តិនាងនៅរស់ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ស្ត្រីឈ្មោះ ជេយ៉េនណេ រ៉ូស អាន់ស្ទ័ញ (Cheyenne Rose Antoine) មានអាយុ ២១ឆ្នាំ បានសារភាពពីទោសកំហុសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នាងពិតជាបានសម្លាប់មិត្តរបស់ខ្លួនប្រាកដមែន គឺឈ្មោះ ប្រ៊ីតនី ហ្គាហ្គូល (Brittney Gargol) អាយុ ១៨ឆ្នាំ កាលពីខែមីនា ឆ្នាំ២០១៥។ នាង Gargol ត្រូវបានគេរកឃើញថា បានស្លាប់នៅក្បែរតំបន់ចាក់សំរាមមួយកន្លែង ស្ថិតនៅក្នុងទីក្រុង សាស្កាធូន (Saskatoon) នៃខេត្ត សាស្កាតជែវ៉ាន (Saskatchewan) ជាមួយនឹងខ្សែ ក្រវាត់របស់នាង Antoine នៅជិតសាកសពរបស់នាង។
ចំណែកឯនាង Antoine ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណជាជនសង្ស័យ ក្រោយនាងបង្ហោះរូបភាព selfie នៃទាំងពីរនៅលើ Facebook ដោយបង្ហាញពីខ្សែក្រវាត់ដូចខាងលើមុននឹងនាង Gargol បានស្លាប់។
គួរបញ្ជាក់ថា ប៉ូលិសកាណាដា ពុំមានភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ពីរឿងហេតុនៃឃាតកម្មនេះ ខណៈនាង Antoine ខ្លួនឯងក៏បានអះអាងដែរថា ខ្លួនភ្លេចរឿងរ៉ាវដែលបានកើតឡើង នោះទៅហើយ ពីព្រោះពេលនោះនាងនិងមិត្តភក្តិរបស់នាងបានផឹកស្រាស្រវឹង ហើយវាក៏អាចមានន័យថា ករណីឃាតកម្មនេះអាចត្រូវបានកើតឡើង ដោយអចេតនា ជាជាងត្រូវបានរៀបចំគំរោងទុកជាមុន៕