ព័ត៌មានរសើប! ប្រទេសរុស្ស៊ី «ចោទអ៊ុយក្រែនថា កំពុងត្រៀមបំផ្ទុះសង្គ្រាម» តាមរយៈការចង់រួបរួមតំបន់ Donbas ឡើងវិញ!
19-01-2018 09:49
(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានបង្ហាញការយល់ឃើញថា ច្បាប់ថ្មីរបស់អ៊ុយក្រែន ស្តីពីការរួមបញ្ចូលគ្នាមកវិញនូវតំបន់ចង់បំបែករដ្ឋ ដុនបាស (Donbas) នៅភាគខាងកើតអ៊ុយក្រែន គឺជាការត្រៀមរៀបចំលក្ខណៈ ដើម្បីបំផ្ទុះសង្រ្គាមថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ក្រសួងការបរទេសរុស្ស៊ី ធ្វើឡើងក្រោយពីសភាអ៊ុយក្រែន បានអនុម័តច្បាប់មួយ ស្តីពីការយកមកវិញនូវតំបន់ Donbas ដែលច្បាប់នោះបានចាត់ទុកថា ជាដែនដីស្ថិតក្រោមការកាន់កាប់ ជាបណ្តោះអាសន្នរបស់រុស្ស៊ី ខណៈវាត្រូវបានគេអះអាងថា បង្កើតឡើង គឺតែដើម្បីថែរក្សាការពារសិទ្ធិសេរីភាព នៃប្រជាជនរស់នៅក្នុងតំបន់ Donbas ផ្ទាល់តែប៉ុណ្ណោះ។
គួរជម្រាបថា បញ្ហាជម្លោះនៅតំបន់ Lugansk និង Donetsk ភាគខាងកើតអ៊ុយក្រែន ដែលតំបន់ទាំងពីរនេះ ត្រូវគេហៅរួមគ្នាថា Donbas នោះ បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន បានបើកប្រតិបត្តិការយោធា ដើម្បីធ្វើការដណ្តើមយកមកវិញនូវទីក្រុងនានា ដែលត្រូវបានគ្រប់គ្រងកាន់កាប់ដោយក្រុមឧទ្ទាមប្រដាប់អាវុធ ដែលបានប្រកាសឯករាជ្យដោយខ្លួនឯងពីទីក្រុងកៀវ។
ជុំវិញវិបត្តិនេះ អ៊ុយក្រែនតែងតែបានបន្តចោទប្រកាន់ មកលើប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរបស់ខ្លួនថា បានជួយជ្រោមជ្រែងដល់ក្រុមបះបោរ និងបានបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់តំបន់ជម្លោះនៅ Donbas ថែមទៀត។ ដោយឡែក ទីក្រុងម៉ូស្គូ បានប្រកែកជាដដែលៗ ចំពោះការចោទប្រកាន់របស់ទីក្រុងកៀវ ដោយសំអាងថា អ៊ុយក្រែនពុំមានភស្តុតាងអ្វីទាំងអស់ ដែលអាចបង្ហាញពីការចូលពាក់ពាក់ព័ន្ធរបស់រុស្ស៊ី នៅក្នុងបញ្ហាវិវាទនេះ៕